សារព័ត៌មានបរទេសចុះផ្សាយថា អ្នកបើកយន្តហោះម្នាក់បាននិយាយក្នុងកម្មវិធីទូរទស្សន៍របស់តៃវ៉ាន់ អំពីការធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍អស់រយៈពេលជាច្រើនឆ្នាំថា ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានត្រៀមកន្សែងសម្រាប់ឱ្យអ្នកដំណើរជូតមុខ ឬជូតដៃ ។ បើទោះជាបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍បានសម្អាតកន្សែងទាំងនេះ ដោយការសម្លាប់មេរោគជាមុនក្តី ប៉ុន្តែយើងមិនដឹងថា អ្នកផ្សេងទៀតយកកន្សែងនេះទៅជូតអ្វីខ្លះទេ ។
មុនពេលបុគ្គលិកបម្រើការលើយន្តហោះត្រៀមសម្ភារៈ ភួយ និងកន្សែងជូតខ្លួននៅលើកៅអីអង្គុយអ្នកដំណើរ ពួកគេបានដាក់វានៅលើឥដ្ឋ រួចបត់តាមក្រោយសម្រាប់ដាក់លើកៅអីអង្គុយរបស់អ្នកដំណើរ ។ ក្រៅពីនេះ ពួកគេក៏បានឃើញអ្នកដំណើរខ្លះយកកន្សែងទៅជូតជើង ឬជូតក្លៀកទៀតផង ។
ចុងក្រោយ អ្នកបើកយន្តហោះបានណែនាំអ្នកដំណើរទាំងអស់ថា ប្រសិនបើចាំបាច់ត្រូវប្រើប្រាស់កន្សែង ឬភួយ វិធីល្អបំផុត អ្នកដំណើរគួរតែប្រើប្រាស់កន្សែងផ្ទាល់ខ្លួន ។ បើមិនអីចឹងទេ អ្នកដំណើរអាចរំខានបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ឱ្យយកភួយថ្មី ឬភួយមិនទាន់ហែកពីស្រោមមកប្រើប្រាស់ល្អជាង ។ អ្នកបើកយន្តហោះរូបនេះថែមទាំងណែនាំទៀតថា កុំប្រើប្រាស់កន្សែង ឬភួយទាំងនេះឱ្យសោះ បើទោះជាគេបានបត់វាស្អាតក៏ដោយ ៕
ប្រភព ៖ on route trip










