ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ (World Tourism Day 2023) ដែល តែងតែរៀបចំ ជារៀងរាល់ឆ្នាំនៅថ្ងៃទី២៧ ខែកញ្ញា ទូទាំងពិភពលោកក្រសួងទេសចរណ៍បានចេញសារាចរណែនាំដល់មន្ទីរ ទេសចរណ៍ រាជធានី-ខេត្តទាំងអស់ សហការជាមួយអាជ្ញាធររាជធានី-ខេត្ត និងភាគីពាក់ព័ន្ធនានា រៀបចំប្រារព្ធពិធ អបអរសាទរ “ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ ទេសចរណ៍ និងការវិនិយោគបៃតង- Tourism and Green Investment” ដូចខាងក្រោម៖
១. រៀបចំប័ណ្ណផ្សព្វផ្សាយ បដាពាក្យស្លោក ដាក់តាំងបង្ហាញតាមស្ថាប័នរដ្ឋ អាជីវកម្មទេសចរណ៍ រមណីយដ្ឋាន ទេសចរណ៍ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ទីសាធារណៈ តាមដងផ្លូវចម្បងៗ ចាប់ពី ថ្ងៃទទួលបានសារាចរនេះតទៅ។
២.រៀបចំកម្មវិធីធ្វើអនាម័យតាមស្ថាប័ន និងទីសាធារណៈខាងលើ ដោយមានការចូលរួមពីមន្ត្រីរាជការ ផ្នែកឯកជន គ្រូបង្រៀន សិស្ស-និស្សិត ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ។
៣.រៀបចំប្រារព្ធពិធីអបអរសាទរ “ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ៖ ទេសចរណ៍ និងការវិនិយោគបៃតង” ក្រោមអធិបតីភាពនៃថ្នាក់ដឹកនាំរាជធានី-ខេត្ត និងមានការចូលរួមពីគ្រប់ ស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋ គ្រូបង្រៀន សិស្ស-និស្សិត អាជីវករ អ្នកបម្រើការងារក្នុងវិស័យ ទេសចរណ៍ ដៃគូរអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។
ខ្លឹមសារនៃកម្មវិធីត្រូវផ្តោត សំខាន់លើ (១). ការវិនិយោគលើមនុស្ស៖ផ្តល់អាទិភាពលើការអប់រំ និងជំនាញបន្ថែម(២). ការវិនិយោគ លើភពផែនដី៖ គាំទ្រការផ្លាស់ប្តូរបៃតងរបស់ទេសចរណ៍ និង(៣). ការវិនិយោគលើវិបុលភាព៖ ជំរុញការច្នៃប្រឌិត និងសហគ្រិនភាព ដោយត្រូវមានរបៀបវារៈមួយចំនួនដូចជា៖
– ការអានសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលក្រសួងទេសចរណ៍បានណែនាំ និងប្រគល់ជូន
– ចំណាប់អារម្មណ៍របស់តំណាងស្ថាប័នពាក់ព័ន្ធ អ្នកវិនិយោគ សហគមន៍ទេសចរណ៍ អាជីករ ក្នុងវិស័យទេសចរណ៍ ប្រជាពលរដ្ឋមូលដ្ឋាន និងភាគីពាក់ព័ន្ធផ្សេងៗទៀត។
៤. ដើម្បីរៀបចំប្រារព្ធពិធីអបអរសាទរខាងលើប្រកបដោយផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់មន្ទីរទេសចរណ៍ រាជធានី-ខេត្ត ត្រូវចូលរួមការប្រារព្ធកម្មវិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣នេះ ដែលរៀបចំដោយក្រសួងទេសចរណ៍នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍ រាជធានីភ្នំពេញ និងទទួលយកខ្លឹមសារនានាទៅផ្សព្វផ្សាយបន្តតាមរាជ-ធានីខេត្តរបស់ខ្លួន៕











