ប្រទេសថៃ ៖ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ពលរដ្ឋរស់នៅឃុំបានតាំ ស្រុកមឿង ខេត្តផាយ៉ាវ ប្រទេសថៃ បានប្រទះឃើញដើមចេកចម្លែក១ដើម ហើយពួកគេក៏នាំគ្នាអុជធូបសុំសេចក្តីសុខគ្រប់ៗគ្នាពីដើមចេកនេះ ។ វាបានចេញស្ទងរាងកោងចុះក្រោមដូចសត្វនាគ មានប្រវែងជាង១ម៉ែត្រ ហើយថែមទាំងបង្ហាញតួលេខយ៉ាងច្បាស់នៅលើត្រយ៉ូងចេកទៀតផង ។

ដើមចេកចម្លែកដែលអ្នកស្រុកនាំគ្នាគោរពនេះស្ថិតនៅក្បែរផ្លូវមួយកន្លែង ហើយអ្នកស្រុកដែលមកធ្វើស្រែចម្ការនៅម្តុំនេះបាននាំគ្នាយកផ្កាភ្ញើ ធូប និងទៀន មកសំពះសុំសេចក្តីសុខ និងសំណាងល្អ ខណៈអ្នកស្រុកខ្លះទៀតបានទិញឆ្នោតផ្សេងព្រេងសំណាងតាមលេខដែលបង្ហាញនៅលើត្រយ៉ូងចេក ។ មនុស្សមួយចំនួនមើលឃើញថា គឺជាលេខ៦ នៅជាប់នឹងត្រយ៉ូងចេក ខណៈមនុស្សខ្លះទៀតមើលឃើញលេខ៥ ហើយពួកគេក៏សន្និដ្ឋានថា វាជាលេខ៦៥ និង៥៦ ។

បើតាមការសង្កេតឃើញថា ដើមចេកនេះមានចំនួន២ដើម ក្នុងនោះចេក១ដើមបានចេញស្ទងរាងចម្លែកដូចសត្វនាគ ដែលមានប្រវែងជាង១ម៉ែត្រ និងបង្ហាញលេខនៅលើត្រយ៉ូងចេក ។ ដូច្នេះ អ្នកស្រុកជឿថា ព្រះម៉ែតានីបានសណ្ឋិតនៅក្នុងដើមចេកចាំអ្នកថែរក្សា និងផ្តល់លាភសំណាងឱ្យអ្នកស្រុក ទើបពួកគេយកផ្កាភ្ញី ធូប និងទៀនមកក្រាបសំពះសុំសេចក្តីសុខ និងទិញឆ្នោតផងដែរ ៕   ប្រភព ៖ khaosod