ពិតជាកោតស្ញប់ស្ញែង និងមានមោទនភាពណាស់សម្រាប់កុមារកម្ពុជានោះគឺជាវីដេអូរាំបញ្ចេញសមត្ថភាពរបស់ក្មេងស្រីទាំង៥នាក់ដែលមានឈ្មោះថាក្រុម Moonlight នៅក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី៣ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ Got Talent Global យកទៅផ្សព្វផ្សាយបន្ត។
Got Talent Global គឺផេកមួយដែលប្រមូលផ្តុំនូវទេពកោសល្យល្អបំផុតទូទាំងពិភពលោក ដោយបង្កើតសម្រាប់អ្នកគាំទ្រដើម្បីជ្រើសរើសការបញ្ចេញសមត្ថភាពដែលល្អមកពីប្រទេសនានាយកមកបង្ហោះដែលមានអ្នកគាំទ្រចំនួនរាប់លាននាក់។
អ្វីដែលកាន់តែអស្ចារ្យ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនេះបានយកវីដេអូរបស់កុមារីទាំង៥នាក់របស់ក្រុម Moonlight ដែលជាសិស្សរបស់ព្រះកាយច័ន្ទក្លិប បញ្ចេញក្បាច់រាំក្នុងបទចម្រៀងមានចំណងជើងថា «វីរៈនារី» របស់ ទេព បូព្រឹក្ស នៅក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី៣ មកផ្សព្វផ្សាយបន្ត។
នេះជារឿងដ៏អស្ចារ្យមួយសម្រាប់កុមារកម្ពុជារួមទាំងប្រទេសជាតិផង ព្រោះនៅពេលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិយកមកចែកចាយនេះកាន់តែធ្វើឱ្យកត្តិនាមប្រទេសកម្ពុជាមានអ្នកស្គាល់កាន់តែច្រើន។ ជាពិសេស ក្នុងការបង្ហាញសមត្ថភាពរបស់ក្រុម Moonlight បានឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរផងដែរ ព្រោះការបញ្ចេញទេពកោសល្យរបស់ក្មេងស្រីទាំង៥នាក់បានតុបតែងខ្លួនជាមួយគ្រឿងខ្មែរនិងស្លៀកក្បិន អមជាមួយបង្ហាញឈុតឆាកពិសេសៗដែលបង្ហាញពីទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
បន្ទាប់ពីឃើញបណ្តាញសង្គមពិភពលោកបង្ហោះវីដេអូរបស់ក្មេងស្រីខាងលើនេះហើយអ្នកគាំទ្រកម្ពុជាមានមោទនភាពយ៉ាងខ្លាំងដែលកូនខ្មែរសាងភាពល្បីរន្ធឺទៅកាន់ពិភពលោក។ ក្នុងនោះដែរ កញ្ញា ព្រះកាយច័ន្ទ ដែលជាគ្រូបង្វឹករបស់ក្រុម Moonlight បានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែលកូនសិស្សរបស់ខ្លួនទទួលបានភាពអស្ចារ្យនេះ។
គូសបញ្ជាក់ថាការបញ្ចេញសមត្ថភាពរបស់ក្រុម Moonlight ក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី៣ ទទួលបានប៊ូតុងមាសពីគណៈកម្មការលោក គុយ ផងដែរដែលមានន័យថា ក្រុមក្មេងស្រីនេះគឺអាចឈានដល់វគ្គ Live Show តែម្តង៕










