កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍ពី Star News Korea បានឱ្យដឹងថា Irene សមាជិកក្រុម Red Velvet ទំនងជាមិនបន្តកុងត្រាថ្មីជាមួយផលិតកម្ម SM Entertainment ទៀតទេ។ នោះជាមូលហេតុដែលក្រុម Red Velvet មិនបានធ្វើសកម្មភាពណាមួយចាប់តាំងពីខែមិថុនា ឆ្នាំ ២០២៣ និងមិនបានចេញបទចម្រៀងថ្មីចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២ មកម្លេះ។
បន្ថែមពីលើនេះយោងតាមរបាយការណ៍ពី Star News Korea ក៏បានបញ្ជាក់ដែរថា មានតែ Seulgi សមាជិកក្រុម Red Velvet ម្នាក់ប៉ុណ្ណោះដែលនាងបានបន្តកុងត្រាជាមួយផលិតកម្ម SM Entertainment ដោយឡែកសមាជិកដទៃទៀតដូចជា Irene, Wendy, Joy និង Yeri រហូតមកដល់ពេលនេះនៅមិនទាន់ដឹងច្បាស់ថាពួកគេបន្តកុងត្រា ឬក៏អត់នោះទេ។
គួរបញ្ជាក់ដែរថា Red Velvet គឺជាក្រុមចម្រៀងដ៏មានប្រជាប្រិយភាពបំផុតក្នុងវិស័យ K-pop ដែលស្ថិតក្រោមផលិតកម្ម SM Entertainment។ Red Velvet មានសមាជិក ៥ នាក់គឺ Irene, Wendy, Joy, Yeri, និង Seulgi។ នៅឆ្នាំ ២០០៩ Irene បានចូលរួមហ្វឹកហាត់រយៈពេល ៥ ឆ្នាំក្នុងផលិតកម្មនេះ ហើយក៏ជា Leader របស់ក្រុម Red Velvet ក្នុងឆ្នាំ ២០១៤ ផងដែរ៕










