ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីជូនដំណឹងដល់សាធារណជននៅថ្ងៃទី១៣ កញ្ញា នេះថាដោយសាររដូវវស្សាឆ្នាំ២០២៣នឹងបញ្ចប់ទៅលឿនជាងឆ្នាំ២០២២ ក្រសួងអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃក្នុងកម្រិតខ្ពស់ជាពិសេសបណ្ដាតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។
បន្ថែមពីលើនេះ ក្រសួងបានឱ្យដឹងពីការព្យាករអាកាសធាតុលើកទី៣សម្រាប់ឆ្នាំ២០២៣ផងដែរដែលមានដូចខាងក្រោម៖
១-បាតុភូតសកល៖
បន្តនៅក្នុងរដូវវស្សាឆ្នាំ២០២៣ នេះបាតុភូតអែលនីណូ(El Nino)បានបង្កើនឥទ្ធិពលជាសកល។ តាមការព្យាករចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៣ អត្រាមធ្យមភាគអែលនីណូ នឹងកើនឡើងដល់១០០ភាគរយ។
២- រដូវវស្សា៖
ក-បន្តនៅក្នុងខែកញ្ញា៖ស្ថានភាពភ្លៀងជាទូទៅធ្លាក់មិនសូវបានរាយប៉ាយ ផ្ទៃដីរងទឹកភ្លៀង ប្រមាណ៤០ ទៅ៦០ភាគរយ ជាមួយនឹងកម្រិតទឹកភ្លៀងធ្លាក់ប្រែប្រួលពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានភ្លៀងធ្លាក់ច្រើននៅផ្នែកខ្លះនៅក្នុងភូមិសាស្ត្រ តំបន់ជួរភ្នំ ខ្ពង់រាប និងនៅតំបន់មាត់សមុទ្រ។
ខ-នៅក្នុងខែតុលា និងខែវិច្ឆិកា៖ ទាំងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយ និងកម្រិតទឹកភ្លៀងបន្តធ្លាក់ថមថយ មកនៅក្នុងកម្រិតប្រែប្រួលពីខ្សោយទៅមធ្យមលាយឡំទៅដោយបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ជាមួយនឹងផ្ទៃដីរងទឹកភ្លៀងប្រមាណពី៣០ទៅ៤០ភាគរយ។
គ-បញ្ចប់រដូវវស្សា៖ រដូវវស្សាឆ្នាំ២០២៣នឹងបញ្ចប់ទៅលឿនជាងឆ្នាំ២០២២៖
-តំបន់ខ្ពង់រាប៖ បញ្ចប់នៅក្នុងសប្តាហ៍ទី៣ នៃខែតុលា។
-តំបន់វាលទំនាប និងតំបន់មាត់សមុទ្រ៖ បញ្ចប់នៅក្នុងសប្តាហ៍ទី៤ នៃខែតុលា។
ដូចបានជូនដំណឹងខាងលើនេះយោងលើស្ថានភាពអាកាសធាតុដូចបានព្យាករណ៍ ក្រសួងធនធានទឹកនិងឧតុនិយម អំពាវនាវសាធារណបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្ដាតំបន់ជនបទ ដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក៕











