បន្ទាប់ពីចេនីនិងប្អូនស្រីសម្រេចចិត្តមិនបន្តរួមដំណើរជាមួយក្រុមរបស់តារាចម្រៀង នីគីនីគី ធ្វើឱ្យពាក្យចចាមអារ៉ាមខ្សឹបខ្សៀវសម័្ពន្ធភាពរបស់ពួកគេជាបន្តបន្ទាប់ខណៈអ្នកគាំទ្រស្នាដៃសម្តែងបែបកំប្លែងៗរបស់ពួកគេពោលសោកស្តាយយ៉ាងខ្លាំងនៃការចែកផ្លូវនេះ។ លើសពីនេះ ស្រាប់តែថ្មីៗនេះ នីគី បានឆ្លើយតបទៅអ្នកលេងបណ្តាញសង្គមម្នាក់ផាំងៗក្រោយពីលើកឡើងថាចូលក្នុងក្រុមស្រួលតែចេញវិញពិបាក និងបានលើកឡើងទៀតថានាងមិនមែនជាមនុស្សចិត្តព្រះនោះទេចេះឈឺ ចេះខកចិត្តដូចគ្នា។
នៅយប់ថ្ងៃទី១២ ខែកញ្ញា នៅលើStory IG របស់តារាចម្រៀង នីគីនីគី ដែលត្រូវជាប្រធានក្រុម WorkSolid បានបង្ហាញគណនីមួយដែលសរសេរថា «ខ្ញុំឮពាក្យចចាមអារ៉ាមពីអ្នកធ្លាប់ធ្វើការក្នុងក្រុមបងគេថាចូលស្រួលចេញវិញពិបាក បងមិនចង់ឱ្យគេចេញគឺចង់ឱ្យគេតាម នៅក្រោមការគ្រប់គ្រងបងរហូត ហើយពេលចេញផុតហើយបងតាមផុសសារដៀមដាមគេរហូត! ពិតអត់បងរឿងហ្នឹង? ឮចឹងៗខ្ញុំភាំងព្រោះពេលបងឡើង 3fun ពិធីករសួរ សមាជិក ហើយសួរបងពីទំនាក់ទំនងឬក៏សិទ្ធិសេរីភាព បងថាអត់បិទសិទ្ធិឬឃាត់ឃាំងការសម្រេចចិត្តគេទេ ចង់នៅក៏នៅចង់ទៅក៏ទៅ»។
ការលើកឡើងនេះ នីគី បានឆ្លើយតបវិញដែរថា«មានអ្នកចេញស្រួលហើយលឿនប៉ុន្មានអ្នកដែរតើអូន! មានព្រោះទាំងអ្នកដែលត្រូវបន្តការសិក្សា ឬត្រូវទៅបំពេញភារកិច្ចផ្ទាល់ ខ្លួនអ៊ីចឹងទៅ។ មើលទៅ COMMENT អូនហាក់ដូចជារេទៅខាងនោះហើយអ៊ីចឹងបងនិយាយតែចំនុចខ្លះបានហើយ ព្រោះប្រហែលគាត់មិនបានសម្រាយដូចតែរាល់ដងហ្នឹង។ ពេលគាត់ដើរចូលស្រួលខ្លាំងព្រោះគាត់នៅជំនាន់ជីវិតកំសត់នៅឡើយត្រូវការការគាំទ្រ។ បងចិត្តទន់អាណិតស្រឡាញ់ព្រមយកចូលមិនគួរជារឿងពិបាកស្រមៃទេ។ ស្រួលព្រោះនេះមិនមែនជាក្រុមហ៊ុនដែលគេត្រូវដាក់ CV រឺឆ្លងកាត់ការសម្រេចចិត្តច្រើនតង់ (ចូលជំនាន់មុនស្រួលខ្លាំងណាស់)។ សម្រាប់អ្នកដែលថាគាត់ចេញពិបាកហ្នឹង ព្រោះគាត់ទទួលបានធនធាន ការស្រឡាញ់ មុខមាត់ ចំណេះ និងការជ្រោមជ្រែងច្រើននិងយូរគ្រាន់បើដែរ អ៊ីចឹងដើរចេញយកតែម្ដងវាហាក់ដូចជាហួសហេតុពេក មិនអ៊ីចឹងហ្អេ? ដូចនេះវាត្រូវមានដំណាក់កាល ឬការសម្រេចចិត្តយូរ»។
នីគី បន្តទៀតថា «មានកំហុសបងត្រូវតែប្រាប់ព្រោះបងមិនដែលស្គាល់បុគ្គលសូម្បីតែម្នាក់ក្នុងជីវិតដែលពេញចិត្តនឹងឱ្យគេកុហក បំផ្លាញទឹកចិត្ត ឬប្រមាថសុខភាពផ្លូវចិត្តឡើយ។ បងអាក្រក់ក្នុងកែវភ្នែកគាត់ពេលនេះ មិនគួរឱ្យភ្ញាក់ផ្អើលទេអូន។ ដូចនេះ បងតែងតែឲ្យទៅរហូតបើចង់ទៅព្រោះបងទុកធ្វើអីអូន? អូនដឹងរឿងតិចណាស់។ កុំឈឺក្បាលនឹងវាខ្លាំងពេកព្រោះក្រុមបងបានដឹងនិងយល់អ្វីដែលត្រូវយល់អស់ហើយ។ ហើយសូមអូននឹកឃើញផងដល់រូបភាពការងារ និងពេលវេលាជុំគ្នាល្អៗដែលបងបានបង្កើតឡើងកន្លងមក រាប់ទាំងពាក្យដែលបងតែងតែនិយាយពីពួកគាត់ពីមុន។ បងក្លាយជាមនុស្សអាក្រក់ចាប់ពីចំណុចដែលបងមិនអាចទទួលយកកំហុសដដែលៗហ្នឹងឯង។ បងមិនមែនព្រះ ហើយក៏មិនមែនម៉ាស៊ីនបង្កើតឱកាសដែរ។ បងចេះឈឺ ចេះខកចិត្ត ដូចអូនអ៊ីចឹង»៕










