ដំណឹងដែល ប៊ុត សីហា ជាអ្នកចម្រៀងត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃា.ត់ខ្លួនជាប់ទាក់ទងនឹងគ្រឿងញៀនបានធ្វើឱ្យមហាជននិងអ្នកសិល្បៈហួសចិត្តជាខ្លាំង និងសោកស្តាយសមត្ថភាពរបស់គេមិនគួរផុងខ្លួនម្តងហើយម្តងទៀតក្លាយជាមនុស្សកែមិនឡើង។ ដំណឹងដ៏រសើបនេះបានធ្វើឱ្យរៀមច្បងលោក សុខ រ៉ាស៊ី និងមិត្តរួមជំនាន់លោក ឃុន វុត្ថា បានត្រឹមបង្ហាញអារម្មណ៍សោកស្តាយដែល ប៊ុត សីហា ប្រព្រឹត្តខ្លួនបែបនេះ។
នៅយប់ថ្ងៃទី១២ កញ្ញា នៅលើបណ្តាញសង្គមរបស់តារាចម្រៀង ឃុន វុត្ថា និងជាអតីតបេក្ខជន The Voice Cambodia រដូវកាលទី១ ចេញមកបង្ហោះសារថា «សោកស្ដាយពេលដែលបានដឹងដំណឹងមិនល្អអំពីអ្នក សង្ឃឹមថាពេលត្រលប់មកវិញនឹងកែប្រែខ្លួនឯងឡើងវិញ
មិត្តរួមជំនាន់. ប៊ុត សីហា»។
ងាកទៅកាន់គណនីហ្វេកប៊ុករបស់ពិធីករ The Voice Cambodia រដូវកាលទី៣ លោក សុខ រ៉ាស៊ី វិញបានលើកឡើងយ៉ាងដូច្នេះថា «ហេតុអី អូន មិនព្រមកែខ្លួន?បានត្រឹមអាណិត ព្រោះរាល់ថ្ងៃ អ្នកមាន សមត្ថភាពច្រើន កំពុងខិតខំទាំងយប់ទាំងថ្ងៃ ក្រែងមានវាសនានិងសំណាង ក្លាយជាម្ចាស់ពានដូចអូន គ្រឿងញៀនបំផ្លាញអនាគត»។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថាកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១២ ខែកញ្ញា ប៊ុត សីហា ជាអតីតម្ចាស់ពានក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១ ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃាត់ខ្លួនលោករួមជាមួយបក្ខពួកម្នាក់ទៀតនៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺបន្ទាប់ពីប្រទះឃើញជនសង្ស័យទាំងពីរនាក់ដោយបានដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៥កញ្ចប់ ក្នុងនោះ(៣តូច និង២មធ្យម), ទូរស័ព្ទ៣ គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
នេះជាលើកទី២ហើយដែល ប៊ុត សីហា ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនបន្ទាប់ពីលើកដៃសុំឱកាសពីមហាជនម្តងទៀតចូលប្រឡូកលើអាជីពសិល្បៈវិញ ខណៈកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ប៊ុត សីហា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដូចគ្នាពីករណីប្រើប្រាស់គ្រឿងញៀន៕










