បន្ទាប់ពីកញ្ញា សាន្ត កុសុមៈ ដែលជាតារាខ្មែរមួយរូបនិងដំបូងគេដើរបង្ហាញម៉ូដនៅក្នុងកម្មវិធី Tokyo Fashion Week នៅជប៉ុនអ្នកគាំទ្រកម្ពុជាបានបង្ហាញអារម្មណ៍មានមោទនភាពយ៉ាងខ្លាំងចំពោះនាងដែលបានចូលរួមនៅក្នុងកម្មវិធីអន្តរជាតិនេះដែលមានការចូលរួមពីអ្នកបង្ហាញម៉ូដផ្សេងទៀតមកពីប្រទេសជាច្រើន។
តាមរយៈវីដេអូដែល សាន្ត កុសុមៈ បង្ហាញម៉ូដនៅប្រទេសជប៉ុននោះគេសង្កេតឃើញថា ការដើររបស់នាងប្រកបដោយភាពជឿជាក់ ទោះបីជានេះជាលើកទី១របស់នាងបង្ហាញម៉ូដក៏ដោយ។ បន្ថែមពីលើនេះអ្នកគាំទ្រក៏មិនភ្លេចពោលសរសើរពីរូបសម្រស់របស់ សាន្ត កុសុមៈ ដូចគ្នាថានាងពិតជាស្រស់ស្អាតណាស់។
បើតាមការរៀបរាប់នៅថ្ងៃទី២៩ សីហា មុនពេលចាប់ផ្តើមការដើរបង្ហាញម៉ូដមកដល់ កុសុមៈ ស្ទើរតែមិនជឿថាខ្លួនអាចទទួលបានឱកាសនេះអាចមកដើរម៉ូដនៅប្រទេសជប៉ុន ជាមួយអ្នកនបង្ហាញម៉ូដផ្សេងទៀតដូចជា ជប៉ុន កូរ៉េ អាល្លឺម៉ង់ និងជាតិសាសន៍គេដទៃទៀតជាច្រើន។
បន្ទាប់ពីឃើញតារាខ្មែរកាន់តែរីកមុខរីកមាត់នៅលើឆាកអន្តរជាតិជាបន្តបន្ទាប់ហើយអ្នកគាំទ្របានបង្ហាញអារម្មណ៍មានមោទនភាពយ៉ាងខ្លាំងចំពោះតារាស្រីរូបនេះ។
សាន្ត កុសុមៈ គឺជាតារាសម្តែងមួយរូបនិងជាម្ចាស់ជ័យលាភី ធីតាឯកសង្រ្កាន្ត រដូវកាលទី២ ក្នុងឆ្នាំ២០២១។ ថ្មីៗនេះ នាងក៏លេចមុខជាតួឯកស្រីនៅក្នុងរឿង ស្រោមមុខភរិយា របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាសផងដែរ៕










