ឆ្លងកាត់ការប្រកួតប្រជែងជាច្រើនដំណាក់កាលនិងត្រូវបានគ្រូបង្វឹកផ្ទាល់ខ្លួនពេញចិត្តសមត្ថភាពជាច្រើនវគ្គ ពេលនេះ សុខុម រចនា ដែលត្រូវមហាជនដាក់នាមឱ្យកញ្ញា30M ត្រូវជម្រុះចេញពីកម្មវិធីក្នុងវគ្គ Live Show សប្តាហ៍ទី១។
នៅយប់ថ្ងៃទី២៧ ខែសីហា កម្មវិធីលំដាប់ពិភពលោក The voice Cambodia រដូវកាលទី៣ បានឈានចូលដល់វគ្គ Live Show សប្តាហ៍ទី១ ដែលជាវគ្គសំខាន់ទាមទារឱ្យទស្សនិកផ្ញើសារគាំទ្រឱ្យបានច្រើនទៅដល់បេក្ខជន និងបេក្ខនារី នឹងមានឱកាសបន្តទៅវគ្គក្រោយ រួមទាំងការសម្រេចចិត្តជ្រើសរើសពីគ្រូបង្វឹកផ្ទាល់ដោយក្នុងមួយក្រុមមាន៣នាក់ត្រូវជម្រុះចេញម្នាក់។
នៅក្នុងនោះដែរសម្រាប់កូនក្រុមរបស់គ្រូបង្វឹក ឱក សុគន្ធកញ្ញា វគ្គLive Show សប្តាហ៍ទី១ មានបេក្ខនារី៣រូប រួមមាន សុខ សារ៉ាវីតា គឹម សុវណ្ណ និង សុខុម រចនា ត្រូវប៉ះជាមួយគ្នា។ សម្រាប់បេក្ខនារី សុខ សារ៉ាវីតា បានបកស្រាយបទចម្រៀងជាភាសាអង់គ្លេសមានចំណងជើងថា « before i fall in love» ហើយរូបនាងទទួលបានការផ្ញើសារគាំទ្រច្រើនជាងគេក្នុងក្រុមដែលមានឱកាសបន្តទៅវគ្គក្រោយ។ចំពោះបេក្ខនារីពីររូបរួមមាន គឹម សុវណ្ណ និង សុខុម រចនា គ្រូបង្វឹកផ្ទាល់សម្រេចចិត្តជ្រើសបានតែម្នាក់ប៉ុណ្ណោះដោយគ្រូបង្វឹក ឱក សុគន្ធកញ្ញា សម្រេចចិត្តជ្រើសបេក្ខនារី គឹម សុវណ្ណ និងបង្ខំចិត្តជម្រុះបេក្ខនារី សុខុម រចនា។
ក្នុងឱកាសនោះដែរ អ្នកនាង ឱក សុគន្ធកញ្ញា បានផ្តល់កម្លាំងចិត្តនិងលើកទឹកចិត្តយ៉ាងច្រើនទៅ រចនា ដោយបានអរគុណសម្រាប់ការប្រឹងប្រែងរបស់ រចនា នាពេលកន្លងមក ហើយមានរឹងមាំទោះបីមានរឿងអីក៏ដោយ បើទោះបីជាប៉ះពាល់ផ្លូវអារម្មណ៍ក្តី។ គ្រូបង្វឹករូបនេះណែនាំ រចនា ទៀតថា គ្មានអីដែលងាយស្រួលនោះទេសម្រាប់ភាពជោគជ័យ និងឱ្យ រចនា ធ្វើជាក្មេងល្អតស៊ូក្នុងជីវិតបន្តទៀត។
គួរបញ្ជាក់ផងដែរថា សុខុម រចនា បានឆ្លងកាត់ពីមួយដំណាក់ទៅមួយដំណាក់យ៉ាងស្វិតស្វាញបំផុត ទោះបីជាផ្ទុះរឿងអាស្រូវខ្លាំងយ៉ាងណាក៏ដោយ តែក្នុងនាមជាបេក្ខនារីជើងខ្លាំងមួយរូបនាងបានឆ្លងផុតដំណាក់កាលដូចជា វគ្គ Blind Auditions , The Battles
និងវគ្គ Knockouts ៕
		
	









