ថ្មីៗនេះអ្នកគាំទ្រវិស័យបវរកញ្ញានិងជាអ្នកគាំទ្ររបស់កញ្ញា Engfa Waraha មានការភ្ញាក់ផ្អើលនិងរំភើបចិត្តជាខ្លាំងក្រោយពីលោក ណាវ៉ាត់ (Nawat) បង្ហើបថារូបនាងនឹងមានការប្រគំតន្រ្តីនៅប្រទេសកម្ពុជានាខែធ្នូ ឆ្នាំនេះ។
បវរកញ្ញា Engfa ត្រូវបានអ្នកគាំទ្រកម្ពុជា ពេញចិត្តចំពោះរូបនាងយ៉ាងខ្លាំងខណៈរូបនាងនិងកញ្ញា ពេជ្រ វត្តី មានភាពជិតសិ្នទ្ធជាមួយខ្លាំងតាំងពីប្រកួតនៅលើឆាកអន្តរជាតិជាមួយគ្នាខណៈ Engfa ក៏ធ្លាប់មកប្រទេសកម្ពុជាផងដែរ។
បន្ទាប់ពីក្លាយជាលំដាប់រងទី១ Miss Grand International 2022 ការងាររបស់ Engfa មានភាពមមាញឹកយ៉ាងខ្លាំងខណៈរូបនាងក៏មានការប្រគំតន្រ្តីផ្ទាល់ខ្លួនកើបលុយឱ្យស្ថាប័នមិនតិចនោះទេ។ មិនត្រឹមតែមានការប្រគំតន្រ្តីនៅក្នុងប្រទេសថៃតែប៉ុណ្ណោះទេ តែ Engfa ក៏មានការប្រគំតន្រ្តីនៅក្រៅប្រទេសដូចគ្នាខណៈថ្មីៗមានដំណឹងថា រូបនាងក៏មានការប្រគំតន្រ្តីនៅប្រទេសកម្ពុជាផងដែរនាចុងឆ្នាំនេះ។
តាមសម្តីរបស់លោក Nawat CEO MGI បានបង្ហើបថា ការប្រគំតន្រ្តីបន្ទាប់របស់ Engfa ដែលមានឈ្មោះថា «ENGFA MAHACHON 2 THE CONCEPT »នឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា នាខែធ្នូនេះ។ តាមការបញ្ជាក់ដោយខ្លីពីលោក Nawat បានធ្វើឱ្យអ្នកគាំទ្ររបស់នាងនៅប្រទេសកម្ពុជាសម្តែងក្តីរីករាយយ៉ាងខ្លាំង ហើយរំពឹងថាការប្រគំតន្រ្តីនេះមានការចូលរួមច្រៀងជាមួយគ្នារវាង Engfa ពេជ្រ វត្តីសារ៉ាវឌ្ឍី និងម្ចាស់មកុដMGC 2023 ភឹម ស្រីនោ។ ទោះយ៉ាងណា សម្រាប់ព័ត៌មានលម្អិតអំពីការប្រគំតន្រ្តីរបស់ Engfa នៅប្រទេសកម្ពុជានៅមិនទាន់បញ្ជាក់ច្បាស់នោះទេ។
គួររម្លឹកផងដែរថា មុនគ្រងដំណែងជា MGT 2022 និងជាលំដាប់រងទី១ Miss Grand International 2022 Engfa ជា អតីតបេក្ខនារីក្នុងកម្មវិធី The Voice Thailand ២០១៨ ដោយរូបនាងមានជ័រជាអ្នកសិល្បៈពេញខ្លួនមានម្តាយជាអ្នកចម្រៀង និងមានឪពុកជាអ្នកភ្លេង៕
		
	









