សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ហៅកាត់ ស.ស.រ ជាសារមន្ទីរបែបទំនើបមួយនៅកម្ពុជា ដែលនិយាយអំពីប្រវត្តិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ចនៃរូបិយវត្ថុជាច្រើនសម័យកាលរហូតមកដល់បច្ចុប្បន្ន។
សារមន្ទីរនេះ(ស.ស.រ) មិនផ្តោតលើការប្រមូលផ្តុំរូបិយវត្ថុបុរាណពេកនោះទេ ប៉ុន្តែផ្ទុយទៅវិញវាផ្តោតទៅលើបទបង្ហាញ និងការអត្ថាធិប្បាយអំពីទំនាក់ទំនង រវាងរូបិយវត្ថុជាមួយស្ថាប័ន និងសង្គម ប្រវត្តិសេដ្ឋកិច្ចនិងនយោបាយ នៅកម្ពុជាជាងពីរពាន់ឆ្នាំ។
ស.ស.រ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។ ក្រោយបានកែសម្រួលពីអគារចាស់ទ្រុឌទ្រោមមួយ សារមន្ទីរត្រូវបានរៀបចំឡើងលម្អដោយផ្ទាំងកញ្ចក់យ៉ាងទំនើប។
សម្រាប់ការចូលទស្សនាវិញ សារមន្ទីរនេះ(ស.ស.រ) បើឱ្យភ្ញៀវចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ ថ្ងៃអាទិត្យ ពីម៉ោង៩ព្រឹក ដល់៦ល្ងាច ដោយអ្នកចូលទស្សនាតម្រូវឱ្យទិញសំបុត្រជាមុនសិន។ នៅក្នុងនោះសំបុត្រសម្រាប់ភ្ញៀវជាតិ គឺ ៤ពាន់រៀល ចំណែក ភ្ញៀវបរទេសមានតម្លៃ ២ម៉ឺនរៀល។ សំបុត្រសម្រាប់កុមារ និងនិស្សិត មានតម្លៃ ២ពាន់រៀល។ ដោយឡែក ចំពោះព្រះសង្ឃ សារមន្ទីរមិនគិតថ្លៃសំបុត្រឡើយ។
សូមបញ្ជាក់ផងដែរថា សារមន្ទីរ ស.ស.រ ស្ថិតនៅអាគារលេខ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ ផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពោលនៅលើបរិវេណអតីតសាលាក្រុងភ្នំពេញ៕











