កម្ពុជាបង្កើតក្រដាសប្រាក់រៀលលើកដំបូងរបស់ខ្លួននៅឆ្នាំ១៩៥៥ ក្នុងសម័យសង្គមរាស្រ្តនិយម ដោយគ្រានោះប្រជានជនកម្ពុជាសម័យមុនមានជំនឿ ដ៏ពេញនិយមថាឈ្មោះរូបិយបណ្ណកម្ពុជា “រៀល” បានមកពីត្រីឈ្មោះរីរៀល នៃទន្លេមេគង្គ។
ក៏ប៉ុន្តែមុននឹង ដាក់ដំណើរការលុយរៀលនេះ កម្ពុជាយើងធ្លាប់ចាយ រូបិយបណ្ណរួមគ្នា ជាមួយឡាវ និងវៀតណាម។ ដោយគ្រានោះ នៅក្នុងសម័យអាណានិគមបារាំង រដ្ឋាភិបាលបារាំងបានបោះពុម្ពក្រដាសប្រាក់សម្រាប់ចាយរួមគ្នានៅក្នុងតំបន់ឥណ្ឌូចិនទាំងមូល ដែលក្រដាស់នោះមានឈ្មោះថា”ព្យ៉ាស់”(Piastre)។
តែក្រោយមកមិនបានយូរប៉ុន្មាន ការចរាចរក្រដាស់ប្រាក់នេះ ត្រូវបានបោះបង់ចោល បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីអាណាព្យាបាលបារាំង ហើយកម្ពុជាបានចាប់ផ្ដើមគ្រប់គ្រងគោលនយោបាយរូបិយវត្ថុរបស់ខ្លួនឡើងវិញ ដោយនៅឆ្នាំ១៩៥៥រដ្ឋភិបាលបានបង្កើតក្រដាសលុយរៀលជាផ្លូវការ។ គ្រានោះ ក្រដាសប្រាក់របស់យើង មានតម្លៃចាប់ពី ១រៀល ៥រៀល ១០រៀលនិង៥០រៀល។
លុះមកដល់សម័យខ្មែរក្រហមប្រាក់រៀលត្រូវបានគេបោះបង់ចោលទាំងស្រុង។ ក្រោយមកទៀតសម័យខ្មែរក្រហម ត្រូវបានផ្ដួលរំលំ ប្រព័ន្ធធនាគារ និងរូបិយវត្ថុក៏បានចាប់ផ្ដើមដំណើរការឡើងវិញ ធនាគារជាតិត្រូវបានបង្កើត ហើយនៅថ្ងៃទី២០ខែមីនាឆ្នាំ១៩៨០រដ្ឋាភិបាលបានសម្រេចដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ រហូតមកដល់សព្វថ្ងៃនេះ៕










