ពីរ បី ថ្ងៃចុងក្រោយនេះនៅលើបណ្តាញសង្គមមានការជជែកគ្នាយ៉ាងក្តៅគគុកមិនធម្មតាបន្ទាប់ពីមានរូបភាពមួយភ្ជាប់ជាមួយសរសេរថា «ត្រីអាំងបែបថៃ» រហូតមានអ្នកខ្លះថែមទាំងលើកឡើងទៀតថាប្រសិនជាអាជីវករលក់ដូរណាចូលចិត្តដាក់ថា «បែបថៃ» នឹងមិនគាំទ្រផលិតផលនោះឡើយ។ យ៉ាងណាប្រតិកម្មនៅលើបណ្តាញសង្គមដោយសារតែរូបភាពរឿង «ត្រីអាំងបែបថៃ» នេះម្ចាស់ស្លាកឈ្មោះបានចេញវីដេអូបញ្ជាក់ហើយ។

វីដេអូមួយដែលមានគណនីទិកតុកឈ្មោះ Visoth ដែលបានបង្ហោះនៅល្ងាចថ្ងៃទី១២ ខែកក្កដា បានអះអាងថាជាម្ចាស់រទេះឈ្មោះ «ត្រីអាំងបែបថៃ» ដែលឈ្មោះនេះបានជជែកវែកញែកយ៉ាងច្រើននៅលើបណ្តាញសង្គម។ បុរសរូបនេះបានឱ្យដឹងថាឈ្មោះនេះខ្លួនបានប្រើរយៈពេល៣ឆ្នាំមកហើយ វាគ្រាន់តែជាឈ្មោះដែលលោកបានដាក់តែប៉ុណ្ណោះពេលចាប់ផ្តើមរកស៊ី សម្រាប់អ្នកលក់និងអ្នកអាំងគឺជាកូនខ្មែរជនជាតិខ្មែរនោះទេ។

ទន្ទឹមនឹងការបញ្ជាក់នេះបុរសជាម្ចាស់ «ត្រីអាំងបែបថៃ»បានសូមសុំខន្តីអភ័យទោសពីសាធារណៈជនដែលបានប្រតិកម្មលើរឿងនេះទៅលើឈ្មោះដែលខ្លួនបានដាក់នេះព្រមទាំង លើកឡើងទៀតថានឹងព្យាយាមកែសម្រួលចំពោះឈ្មោះនេះឡើងវិញ។ បើតាមឈ្មោះនៅទិកតុកនោះអ្នកលក់ត្រីអាំងនេះទំនងជាលក់ដូរនៅទួងទំពួង។

ក្រោយពីបកស្រាយដូចនេះហើយអ្នកលេងបណ្តាញសង្គមបានចូលទៅបញ្ចេញយោបល់គាំទ្រឱ្យដូរឈ្មោះ«ត្រីអាំងបែបថៃ»នេះចោល ព្រមទាំងផ្តល់គំនិតឈ្មោះត្រីអាំងបែបនេះ បែបនោះជាច្រើនទៅដល់បុរសរូបនោះផងដែរ៕

@visoth530

♬ original sound – ត្រីអាំងផ្សាទួលទំពូង – ត្រីអាំងផ្សាទួលទំពូង