ប្រទេសវេណេស៊ុយអេឡា ៖ នៅតំបន់ Catatumbo lightning ក្នុងប្រទេសវេណេស៊ុយអេឡា គឺជាតំបន់មួយដែលសម្បូររន្ទះបាញ់ច្រើនបំផុតនៅលើពិភពលោក ។ តំបន់នេះស្ថិតនៅបរិវេណមាត់ទន្លេ Catatumbo ក្នុងទ្វីបអាមេរិកខាងត្បូង និងមានប្រវែង៣៣៨គីឡូម៉ែត្រ ។
គេសង្កេតឃើញថា ពន្លឺភ្លើងដែលកើតឡើងដោយសាររន្ទះបាញ់កំពុងហូរចូលទៅក្នុងបឹង Maracaibo ។ ក្នុង១ឆ្នាំៗ នៅតំបន់នេះនឹងមានរន្ទះបាញ់ចាប់ពី១៤០ថ្ងៃ ទៅ១៦០ថ្ងៃ ហើយមានប្រេកង់រហូតដល់២៨ដងក្នុង១នាទី ។
ចំពោះមូលហេតុបណ្តាលឱ្យកើតរន្ទះបាញ់ជាច្រើនលើកក្នុងតំបន់ Catatumbo ដោយសារនៅតាមដងទន្លេនេះបាននាំយកសារធាតុសរីរាង្គជិតរលួយជាច្រើនមកកាន់មាត់ទន្លេ ។ ហេតុនេះ វាបានផលិតជាឧស្ម័នមេតានសាយភាយទៅលើបរិយាកាស ហើយប្រមូលផ្តុំគ្នាដូចដុំពពក ។ នៅមានខ្យល់បក់ខ្លាំង វាបណ្តាលឱ្យកកិតគ្នា និងប្រមូលផ្តុំនូវចរន្តអគ្គិសនី រហូតក្លាយជាបាតុភូតរន្ទះបាញ់ ។
រន្ទះបាញ់តែងកើតឡើងនៅពេលអាកាសធាតុក្តៅ ចាប់ពីខែមករា រហូតដល់ខែកុម្ភៈ ហើយក្នុងអំឡុងពេលអាកាសធាតុសើមនៅខែតុលា នឹងមានរន្ទះបាញ់ច្រើនបំផុត ៕ ប្រភព ៖ chiangmai news










