កាលពីថ្ងៃទី៤ ខែកក្កដា លោក Petteri Thalas អគ្គលេខាធិការអង្គការឧតុនិយមពិភពលោក (World Meteorological Organization) ប្រកាសថា បាតុភូតអេលនីណូ (El Nino) បានចាប់ផ្តើមហើយ ។ វានឹងធ្វើឱ្យសីតុណ្ហភាពកើនឡើងខ្ពស់ និងអាកាសធាតុក្តៅខ្លាំងនៅតំបន់ជាច្រើនលើពិភពលោក និងក្នុងមហាសមុទ្រ ។
ការប្រកាសលើកនេះ គឺជាការជូនដំណឹងទៅកាន់ប្រទេសនានាលើពិភពលោក ឱ្យត្រៀមខ្លួនទប់ស្កាត់ផលប៉ះពាល់ចំពោះសុខភាព ប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ច ។ ក្រៅពីនេះ ក៏ដើម្បីរក្សាជីវិត និងការរស់នៅរបស់ពលរដ្ឋផងដែរ ដោយរដ្ឋាភិបាលប្រទេសនានាត្រូវដាស់តឿនពលរដ្ឋជាមុន និងត្រៀមទប់ស្កាត់អាកាសធាតុអាក្រក់នៅឆ្នាំ២០២៣ ។
នៅពេលកើតបាតុភូតអេលនីណូ គឺសីតុណ្ហភាពនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងកើតតំបន់ត្រូពិច នឹងកើនឡើង០,៥អង្សារសេបន្ថែមទៀតពីមធ្យមភាគរយៈពេលវែង ។ បាតុភូតនេះមានរយៈពេលចាប់ពី៩ខែ ទៅ១២ខែ ហើយវាកើតឡើងរៀងរាល់២ឆ្នាំ ទៅ៧ឆ្នាំ ។
អង្គការឧតុនិយមពិភពលោកដាស់តឿនថា បាតុភូតអេលនីណូលើកដំបូងក្នុងរយៈពេល៧ឆ្នាំនេះ រួមបញ្ចូលទាំងទង្វើរបស់មនុស្សដែលធ្វើឱ្យពិភពលោកក្តៅ ដោយសារការប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីល ហើយវានឹងធ្វើឱ្យឆ្នាំ២០២៣ និងឆ្នាំ២០២៤ គឺជាឆ្នាំក្តៅបំផុត ។ អង្គការនេះបញ្ជាក់ថា នឹងមានឱកាសច្រើនដល់៩០% ដែលអាចកើតបាតុភូតអេលនីណូជាបន្តបន្ទាប់ក្នុងឆមាសទី២ ឆ្នាំ២០២៣ ។ ការកើនឡើងនៃសីតុណ្ហភាពសមុទ្រ និងបាតុភូតអេលនីណូ នឹងធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅភាគខាងត្បូងរបស់អាមេរិកខាងត្បូង, អាមេរិកកណ្តាល, ភាគខាងត្បូងសហរដ្ឋអាមេរិក និងទ្វីបអាហ្វ្រិក ។
បាតុភូតនេះអាចបណ្តាលឱ្យកើតគ្រោះរាំងស្ងួតធ្ងន់ធ្ងរ រលកកំដៅ និងភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលី, ឥណ្ឌូណេស៊ី, តំបន់ខ្លះនៃអាស៊ីខាងត្បូង, អាមេរិកកណ្តាល និងផ្នែកខាងជើងនៃអាមេរិកខាងត្បូង ។ ជាមួយគ្នានេះ វានឹងបង្កខ្យល់ព្យុះស៊ីក្លូននៅមហាសមុទ្រប៉ាស៊ីហ្វិកផងដែរ ៕ ប្រភព ៖ Nation World News










