ថ្មីៗនេះនៅលើបណ្តាញសង្គមមានការជជែកវែកញែកគួរឱ្យកត់សម្គាល់ក្រោយពីម្តាយល្អហួស អ្នកនាង ដេននីក្វាន់ បានប្រកាសថាក្នុងថ្ងៃប្រលងផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miss preteen international Cambodia នឹងយកជាងមកពីប្រទេសថៃមកធ្វើសក់ឱ្យ ល្អហួស ខណៈមានមតិរិះគន់ថា ធ្វើបែបនេះដូចមិនផ្តល់តម្លៃឱ្យជាងខ្មែរជាជាតិសាសន៍ឯង។ រឿងនេះដែរ ល្អហួស និងម្តាយបកស្រាយថាដោយសារជាងល្បីនៅស្រុកខ្មែរត្រូវគេកក់អស់ហើយ។
កាលពីថ្ងៃទី១ ខែកក្កដា អ្នកនាង ដេនីក្វាន់ ម្តាយរបស់ ល្អហួស បានបង្ហោះថា ជាងធ្វើសក់ដ៏ល្បីប្រចាំប្រទេសថៃឈ្មោះ korawat ជាជាងធ្វើសក់ឱ្យបវរកញ្ញាជាច្រើនរូបនឹងមកធ្វើសក់ឱ្យ ល្អហួស ក្នុងថ្ងៃប្រកួត Miss preteen international Cambodia វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃ៥ ខែសីហា ឆ្នាំ២០២៣ខាងមុខ។ ការសម្រេចជ្រើសជាងមកពីប្រទេសថៃនេះត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនរិះគន់ទៅកាន់គ្រួសារល្អហួសថាធ្វើដូចនេះហាក់ដូចមិនឱ្យតម្លៃជាងខ្មែរដែលជាជាងជាតិឯងដូចដឹងស្រាប់ហើយថា ខ្មែរនិងប្រទេសជិតខាងនេះមិនសូវជាមានអារម្មណ៍ល្អចំពោះគ្នានោះទេបែរជាយកជាតិសាសន៍នេះមកទៅវិញ។
ជុំវិញពាក្យរិះគន់ពីអ្នកលេងបណ្តាញសង្គមរឿងយកជាងថៃនេះអ្នកនាង ដេននីក្វាន់ និង ល្អហួសបានបកស្រាយនៅយប់ថ្ងៃទី៣ ខែកក្កដា ថា «ឆ្លើយតបទៅកាន់ពុកម៉ែបងប្អូនពូមីងមួយចំនួនដែលយល់ច្រលំ ថាខ្ញុំមិនឱ្យតម្លៃជាងធ្វើសក់ស្រុកខ្មែរ ហើយទៅជួលជាងពីក្រៅប្រទេសមក នេះជាឆាតដែលពូខ្ញុំឆាតទៅកក់ជាងសក់ល្បីៗនៅស្រុកខ្មែរ ប៉ុន្តែពួកគាត់គឺជាប់កក់គេអស់ហើយ មិនអាចធ្វើឱ្យខ្ញុំបានទេ ចឹងហើយទើបសម្រេចចិត្តជួលជាងពីក្រៅប្រទេសមក សូមពុកម៉ែបងប្អូនពូមីងឈប់មានការយល់ច្រលំទៀត នឹងកុំមើលតែមួយជ្រុងគ្រប់យ៉ាងមានហេតុមានផល»។
ទន្ទឹមនឹងមានការបកស្រាយខាងលើនេះ អ្នកនាង ដេននីក្វាន់ បានសរសេរបន្ថែមថា «05 08 2023ខាងមុខនេះ មានការប្រកួតផ្តាច់ព្រ័ត្រMiss ដល់ទៅ3 MMC, LMC, MPC ចំនួនអ្នកប្រកួតជិត100នាក់ហើយ ហើយការរកជាងសក់មិនមែនងាយទេ ព្រោះប្រកួតចំថ្ងៃតែមួយ គេក៏ត្រូវការជាងដូចយើងដែរ យើងកក់ជាងខ្មែរមិនបានវាមិនចំលែកនោះទេ ចិត្តខ្ញុំជាម្តាយត្រូវរកគ្រប់វិធីដើម្បីបានជាងមកធ្វើសក់អោយកូន ព្រោះថ្ងៃនោះជាថ្ងៃពិសេសបំផុតសំរាប់កូនស្រីខ្ញុំ»៕










