ទឹកធ្លាក់តាចាត ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា មានចម្ងាយប្រមាណជា ២៥គីឡូម៉ែត្រពីទីរួមខេត្តកោះកុង

ទឹកជ្រោះនេះ ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលនិង កំពុងជាទីពេញនិយមសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ ទឹកជ្រោះនេះមានទឹកហូរថ្លាគួរឱ្យចង់មុជលេងកម្សាន្ត អមជាមួយទេសភាពស្រស់ត្រកាលជុំវិញដោយព្រៃប្រឹក្សាធម្មជាតិពណ៍បៃតងសមស្របនឹងអាកាសធាតុអំណោយផលដ៏សែនត្រជាក់ស្រស់ស្រាយគួរជាទីមនោរម្យ។

លើសពីនេះទៅទៀត ទឹកជ្រោះតាចាត ក៏មានព្រៃឈើតូច ធំ ក្រាស់ៗ ដែលបង្កើតជាបរិយាកាសខ្យល់បរិសុទ្ធ គួរជាទីសម្រាកលំហៃ សមស្របជាមួយភ្ញៀវទេសចរដែលលោកចូលចិត្តបែបធម្មជាតិព្រៃភ្នំផងដែរ។

សូមបញ្ជាក់ផងដែរថា នៅទីនេះមិនទាន់មានរីសតសម្រាប់ភ្ញៀវទេសចរណ៍ស្នាក់នៅនោះទេ ក៏ប៉ុន្តែភ្ញៀវទេសចរណ៍អាចបោះតង់បាន ដោយអាចទិញ ឬពឹងឱ្យបងប្អូនប្រជាអ្នកស្រុកនៅទីនោះធ្វើម្ហូបឱ្យតាមចំណូលចិត្តរបស់លោកអ្នក៕