ក្រសួងកសិកម្ម បានណែនាំ៦ចំណុចដល់ប្រជាកសិករក្នុងការធ្វើស្រែដើម្បីចូលរួមចំណែកត្រៀមបង្ការផលប៉ះពាល់ដល់ដំណាំស្រូវព្រោះតាមការព្យាករណ៍របស់ក្រសួងធនធានទឹក កម្ពុជា នឹងមានកូនរដូវប្រាំងកើតឡើងចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា និងខ្សត់ទឹកភ្លៀងនៅចុងឆ្នាំ ដែលទាមទារឱ្យប្រជាកសិករយកចិត្តទុកដាក់ និងត្រៀមលក្ខណៈទុកជាមុនឱ្យបានល្អ។
ការណែនាំរបស់ក្រសួងកសិកម្មមានដូចជា៖
១. សម្រាប់ដីស្រែជម្រៅ និងដីស្រែដែលមានប្រភពទឹកស្រោចស្រព កសិករគួរប្រញាប់ប្រញាល់ដាំដុះ ដើម្បីឱ្យដំណាំស្រូវដុះលូតលាស់បានល្អ និងមានអាយុកាលវែងល្មម និងបង្កើនភាពធន់ទៅនឹងគ្រោះរាំងស្ងួតនៅពេលកូនរដូវប្រាំងមកដល់។
២. សម្រាប់ដីស្រែដែលពឹងអាស្រ័យទឹកភ្លៀងទាំងស្រុង កសិករត្រូវរៀបចំដីស្រែ និងកែលម្អភ្លឺស្រែឱ្យបានល្អ ដើម្បីរក្សាទឹកក្នុងស្រែបានយូរ និងកាត់បន្ថយផលប៉ះពាល់នៅពេលជួបគ្រោះរាំងស្ងួត ហើយកសិករអាចពន្យារពេលវេលាដាំដុះរហូតដល់ចុងខែកក្កដា។
៣. ប្រជាកសិករក៏ត្រូវត្រៀមគ្រាប់ពូជស្រូវបម្រុងមួយចំនួនសម្រាប់ដាំដុះឡើងវិញ ក្នុងករណីដំណាំស្រូវដែលបានដាំដុះលើកទី១នេះរងការខូតខាតដោយសារគ្រោះរាំងស្ងួត។
៤. អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវបន្តតាមដានស្ថានភាពទឹកនៅតាមប្រភពផ្សេងៗក្នុងតំបន់របស់ខ្លួន ស្ថានភាពទឹកភ្លៀង និងការលូតលាស់របស់ដំណាំស្រូវ ដើម្បីត្រៀមលក្ខណៈបូមទឹកអន្តរាគមន៍ជួយសង្គ្រោះ ដំណាំស្រូវរបស់ប្រជាកសិករដែលទទួលរងផលប៉ះពាល់
៥. អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវចូលរួមថែរក្សា និងគ្រប់គ្រងការប្រើប្រាស់ទឹកដែលកំពុងមាន ប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ ជាពិសេសចៀសវាងការប្រើប្រាស់រហូតរីងអស់ ដែលអាចប៉ះពាល់ដល់ ការចិញ្ចឹមសត្វ និងការប្រើប្រាស់សម្រាប់មនុស្ស។
៦. អាជ្ញាធរមូលដ្ឋានត្រូវក្ដាប់ឱ្យបានច្បាស់អំពីផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត លទ្ធភាពដែលអាចជួយ សង្គ្រោះបាន ស្ថានភាពនៃការខូចខាតដំណាំស្រូវ លទ្ធភាពនៃការដាំដុះស្តារឡើងវិញ និងត្រូវកំណត់ ឱ្យបានច្បាស់លាស់អំពីកសិករងាយរងគ្រោះ ដើម្បីស្នើសុំអន្តរាគមន៍ពីរាជរដ្ឋាភិបាល៕









