រដ្ឋធានីកៀវ៖ ទំនប់ទឹកកាខូវកា (Kakhovka) សាងសង់ នៅក្នុងសម័យអតីតសហភាពសូវៀត នៅភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន គ្រប់គ្រងដោយកម្លាំងទាហានរុស្ស៊ី បានរងការបំផ្ទុះ បណ្ដាលឲ្យមានទឹកជំនន់ ជន់លិចពាសពេញ នៅក្នុងតំបន់សង្គ្រាម។
សារព័ត៌មានអារ៉ាប់អន្ដរជាតិ បានចេញផ្សាយ នៅរសៀល ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ថា ក្រុមមន្រ្ដីរុស្ស៊ី និង អ៊ុយក្រែន បានស្ដីបន្ទោស ដាក់គ្នាទៅវិញទៅមក ជុំវិញការបំផ្ទុះទំនប់ទឹកដ៏ធំបំផុត បន្សល់ទុកតាំងពីសម័យអតីតសហភាពសូវៀត។ សកម្មភាពបែបនេះ បានបង្កឲ្យមានទឹកជំនន់ជន់លិចពាសពេញ នៅតំបន់សង្គ្រាម។
បើតាមវីដេអូមួយ មិនអាចផ្ទៀងផ្ទាត់ប្រភព ត្រូវបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញអំពីការផ្ទុះយ៉ាងខ្លាំង ជុំវិញទំនប់កាខូវកា (Kakhovka)។ ចំណែកវីដេអូផ្សេងៗទៀត ក៏បានបង្ហាញ អំពីទឹកហៀរចេញពីទំនប់បាក់បែកនោះ ដោយមានអ្នកឈរមើល បង្ហាញអំពីការតក់ស្លុតរបស់ពួកគេ ខណៈអ្នកខ្លះបានស្រែកខ្លាំងបន្លឺឡើង។
ទំនប់ទឹកដ៏ធំនោះ មានកម្ពស់៣០ម៉ែត្រ និង ប្រវែង៣,២គីឡូម៉ែត្រ ហើយវាអាចផ្ទុកទឹកស្មើទៅនឹងទំហំបឹងទឹកប្រៃដ៏ធំ (Great Salt Lake) ស្ថិតក្នុងរដ្ឋយូថា (Utah) របស់សហរដ្ឋអាមេរិក។ សំណង់ទំនប់ទឹកដ៏មហិមានេះ ត្រូវបានសាងសង់ឡើង នៅក្នុងឆ្នាំ១៩៥៦ ដោយឆ្លងកាត់ដងទន្លេនីប្រូ (Dnipro) សម្រាប់ជាផ្នែកមួយ នៃរោងចក្រវារីអគ្គិសនីកាខូវកា (Kakhovka) ផងដែរ។
ទំបន់ទឹកវារីអគ្គិសនីនេះ តែងតែផ្គត់ផ្គង់ទឹកសាបយ៉ាងសំខាន់ ទៅដល់ឧបទ្វីបគ្រីមៀ (Crimea) របស់អ៊ុយក្រែន ត្រូវបានរុស្ស៊ី រឹបអូសយក នៅក្នុងឆ្នាំ២០១៤ ហើយវាបានផ្គត់ផ្គង់ទឹកដល់រោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីសហ្សា (Zaporizhzhia) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហានរុស្ស៊ី។
ក្រុមមន្រ្ដីលើកបន្ទុប ដោយក្រុងមូស្គូ បានអះអាង ថា ឥឡូវនេះ មិនទាន់មានគ្រោះថ្នាក់ណាមួយ ដល់រោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបមួយនេះ ដែលបានបង្កឡើង ដោយការខូចខាតទំនប់វារីអគ្គិសនីនោះឡើយ។ ចំណែកស្ថានីយថាមពលនុយក្លេអ៊ែរ នៅតែបន្ដមានទឹកស្អំ មកពីអាងស្ដុកទឹកនោះដែរ។
កងទ័ពអ៊ុយក្រែន បានចោទប្រកាន់ដល់កម្លាំងទាហានរុស្ស៊ី ជាអ្នកបំផ្ទុះទំនប់វារីអគ្គិសនីដ៏ធំនោះ ខណៈប្រភពនានារបស់រុស្ស៊ី បានស្ដីបន្ទោស ទៅលើអ៊ុយក្រែន ជាអ្នកបំផ្ទុះ។
ទីបញ្ជាការទក្សិណរបស់កងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃអង្គារ ថា «ទំនប់ទឹកដ៏ធំកាខូវកា ត្រូវបានបំផ្ទុះ ដោយកងកម្លាំងទាហានរបស់រុស្ស៊ី កាន់កាប់តំបន់នោះ។ ទំហំនៃការបំផ្លិចបំផ្លាញ ធ្វើឲ្យល្បឿន និង បរិមាណទឹក ហូរយ៉ាងខ្លាំង ជន់លិចតំបន់នោះ»។
ដោយឡែក ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍ ថា ទំនប់ទឹក គ្រប់គ្រងដោយកម្លាំងរបស់រុស្ស៊ី ត្រូវបានកម្ទេច ដោយការបាញ់ផ្លោងដាក់ ខណៈក្រុមមន្រ្ដី លើកបន្ដុបដោយរុស្ស៊ី បានអះអាង ថា នេះជាអំពើភេរវកម្ម បង្កឡើងដោយអ៊ុយក្រែន។
លោក អូឡែកស៊ី ដានីឡូវ (Oleksiy Danilov) លេខាធិការក្រុមប្រឹក្សាសន្តិសុខ និង ការពារជាតិអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គម Twitter នៅថ្ងៃអង្គារ ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) នឹងបើកកិច្ចប្រជុំបន្ទាន់មួយ ជុំវិញការបំផ្ទុះទំនប់ណូវ៉ាកាខូវ៉ា (Nova Kakhova) នៅភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន៕










