ប្រទេសកម្ពុជា ៖ ក្រោយពីបញ្ចប់ការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ កម្ពុជាក៏បានបន្តធ្វើជាម្ចាស់ផ្ទះការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ។ ប៉ុន្តែប្រទេសថៃលើកឡើងថា ការដាក់ពិន្ទុរបស់គណៈកម្មការកម្ពុជាអាចមិនយុត្តិធម៌ និងលម្អៀងចំពោះប្រទេសផ្សេងៗ ដោយសារកម្ពុជាគ្មានគណៈកម្មការប៉ារ៉ាឡាំពិកអន្តរជាតិមកពិនិត្យកម្រិតពិការភាពកីឡាករ ។
កាលពីថ្ងៃទី៤ ខែមិថុនា កន្លងមក មន្ត្រីអាជ្ញាធរកីឡាប្រទេសថៃបានលើកឡើងថា គណៈកម្មការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) មិនបានបញ្ជូនមន្ត្រីរបស់ខ្លួនមកពិនិត្យកម្រិតពិការភាពរបស់កីឡាករចូលរួមប្រកួតនៅកម្ពុជាទេ ហើយធ្វើឱ្យកម្ពុជាដែលជាម្ចាស់ផ្ទះយកគណៈកម្មការរបស់ខ្លួនមកដាក់ពិន្ទុ ។ មន្ត្រីអាជ្ញាធរកីឡាថៃរូបនេះបន្តថា ការសម្រេចចិត្តដាក់ពិន្ទុរបស់គណៈកម្មការកម្ពុជា គឺអាចមិនប្រកាន់ជំហរកណ្តាលជាមួយកីឡាករមកពីប្រទេសផ្សេងៗ ។
លោក ប្រាឈុម ប៊ុនធៀម មន្ត្រីអាជ្ញាធរកីឡាប្រទេសថៃលើកឡើងថា លោកទទួលបានព័ត៌មានថា ម្ចាស់ផ្ទះកម្ពុជាបានយកគណៈកម្មការរបស់ខ្លួន ហើយគ្មានមន្ត្រីមកពីគណៈកម្មការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) មកពិនិត្យកម្រិតពិការភាពទេ ។ ដូច្នេះ អាជ្ញាធរកីឡាប្រទេសថៃបានដឹងពីបញ្ហានេះ និងត្រៀមផែនការដើម្បីទប់ទល់នឹងបញ្ហាដែលអាចកើតឡើងរួចហើយ ។ លោកបន្តថា លោកបានត្រៀមក្រុមគ្រូពេទ្យមកជួយវិនិច្ឆ័យក្នុងការពិនិត្យកម្រិតពិការភាព ហើយបើមានចំណុចអ្វីសង្ស័យ ពួកគេនឹងអាចតវ៉ាភ្លាមៗ ។
លោក ប្រាឈុម ប៊ុនធៀម មន្ត្រីអាជ្ញាធរកីឡាប្រទេសថៃ បន្តថា ៖ «ការពិនិត្យកម្រិតពិការភាពនាពេលកន្លងមកនៅកម្ពុជា មិនមែនមានតែប្រទេសថៃមួយទេដែលរងផលប៉ះពាល់ ប្រទេសឥណ្ឌូណេស៊ី ដែលជាម្ចាស់មេដាយមាសក្នុងការប្រកួតកីឡាស៊ីហ្គេមកន្លងមក ហើយមានកីឡាករឆ្នើមធ្លាប់ទទួលបានពានរង្វាន់ជាច្រើន និងជាកម្លាំងដ៏សំខាន់របស់ឥណ្ឌូណេស៊ីនោះ ក៏ត្រួតពិនិត្យកម្រិតពិការភាពមិនជាប់ដែរ ហើយធ្វើឱ្យពួកគេមិនបានចូលរួមការប្រកួត ។ នេះចាត់ទុកថា គួរឱ្យសោកស្តាយ ចំណែកប្រទេសថៃវិញគ្មានបញ្ហារឿងកីឡាករមិនបានចូលរួមប្រកួតទេ» ។
លោក ប្រាឈុម ប៊ុនធៀម បន្ថែមថា ៖ «ទោះយ៉ាងណា ការពិនិត្យកម្រិតពិការភាពត្រូវតែមានគណៈកម្មការមកពីគណៈកម្មការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) ដើម្បីធ្វើជាអាជ្ញាកណ្តាលត្រួតពិនិត្យ ។ ដូច្នេះ នៅពេលប្រទេសថៃធ្វើជាម្ចាស់ផ្ទះការប្រកួតអាស៊ានប៉ារ៉ាហ្គេម គឺថៃនឹងមិនធ្វើបែបនេះទេ ហើយការរៀបចំការប្រកួតគ្រប់យ៉ាង ប្រទេសថៃនឹងធ្វើតាមលក្ខណៈស្តង់ដារអន្តរជាតិប៉ុណ្ណោះ» ។
កាលពីពេលកន្លងមក ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឲ្យដឹងថា កម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF) ដើម្បីសហប្រតិបត្តិការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនេះឲ្យបានល្អ ព្រោះថា APSF មានបទពិសោធន៍រយៈពេល២០ឆ្នាំមកហើយលើការងារនេះ ។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ មានពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងគណៈកម្មាធិការជាតិរៀបចំកីឡាជនពិការអាស៊ីអាគ្នេយ៍ លើកទី១២ ជាមួយសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ដែលមានលោកណ្ឌិត Osoth Bhavilai ប្រធាន APSF ជាភាគីហត្ថលេខី ៕ ប្រភព ៖ khaosod










