រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយការចរចាដ៏តានតឹងបំផុត លើកម្រិតប្រាក់បណុលរបស់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមក លោកប្រធានសភា ខេវីន ម៉ាកខាធី (Kevin McCarthy) និង លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) មានទំនុកចិត្តយ៉ាងមុតមាំ លើការអនុម័តពីសភា នៅរាត្រីនេះ ហើយនឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភា នៅចុងសប្ដាហ៍នេះផងដែរ។
សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ ថា ច្បាប់នេះ បានព្យួរនូវការជំពាក់បំណុលរបស់សហរដ្ឋអាមេរិក រយៈពេល២ឆ្នាំ ពាក់ព័ន្ធនឹងពន្យារនូវការសម្រេចចិត្ត ដំឡើងកម្រិតប្រាក់បំណុល រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតី នាឆ្នាំ២០២៤។ ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិក នឹងចាប់ផ្តើមខកខានសងប្រាក់បំណុលរបស់ខ្លួន ចំនួន ៣១,៤ពាន់ពាន់លានដុល្លារ ($31.4trillion) ប្រសិនបើសភា មិនបានបង្កើនដែនកំណត់នូវការខ្ចីប្រាក់ នៅត្រឹមថ្ងៃទី៥ ខែមិថុនា។
សភារបស់សហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមបោះឆ្នោត នៅម៉ោង២០ និង៣០នាទី ថ្ងៃទី៣១ ខែឧសភា (វេលានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន)។ ប៉ុន្ដែប្រសិនបើច្បាប់នេះ ត្រូវសភាអនុម័តហើយ ច្បាប់នេះក៏នឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភា សម្រាប់ការអនុម័តជាលើកចុងក្រោយ មុននឹងបញ្ជូនទៅជូនលោកប្រធានាធិបតី ចុះហត្ថលេខាឲ្យក្លាយទៅជាច្បាប់ពេញលក្ខណៈ។ បើទោះជាយ៉ាងនេះក្ដី សមាជិកសភា នៅមានពេលវេលា រហូតដល់ថ្ងៃទី៥ ខែមិថុនា សម្រាប់ការអនុម័តច្បាប់កំណត់កម្រិតប្រាក់បំណុល ឬ ថា សហរដ្ឋអាមេរិក នឹងត្រូវខកខានសងប្រាក់បំណុលរបស់ខ្លួន។
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ និង លោក ម៉ាកខាធី ប្រធាសភា មកពីគណបក្សសាធារណរដ្ឋ បានចុះកិច្ចព្រមព្រៀងទ្វេភាគី ស្ដីអំពីការកំណត់កម្រិតប្រាក់បំណុល កាលពីចុងសប្ដាហ៍កន្លងនេះ ក្រោយពេលមេដឹកនាំទាំង២គណបក្សនេះ បានចរចាគ្នាដ៏តឹងតែងបំផុត អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមក។ ក្រោយពេលសភាអនុម័តរួចហើយ ច្បាប់នេះ នឹងអនុញ្ញាតដល់សហរដ្ឋអាមេរិក ត្រូវតែបន្ដបង់ប្រាក់បំណុលរបស់ខ្លួន។ ប៉ុន្ដែប្រសិនបើការកម្រិតប្រាក់បំណុល ( ឬ ការកំណត់កម្រិតខ្ចីប្រាក់) មិនបានបង្កើននោះទេ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងអស់លុយ ហើយខកខាន នៅក្នុងការសងប្រាក់បំណុលរបស់ខ្លួន មានទំហំទឹកប្រាក់ ៣១,៤ពាន់ពាន់លានដុល្លារអាមេរិក ($31,4trillion)។ បញ្ហានេះនឹងបង្កឲ្យមានផលប៉ះពាល់ ប្រកបដោយគ្រោះមហន្ដរាយ ទៅដល់ទីផ្សាររបស់ពិភពលោក។
ឥឡូវនេះ សមាជិកសភា កំពុងតែជជែកដេញដោលគ្នា ស្ដីអំពីការអនុម័តច្បាប់នេះ។ វិធានការទាំងនេះ ត្រូវបានគណបក្សសាធារណរដ្ឋ និង គណបក្សប្រជាធិបតេយ្យ ពណ៌នា ថា វាជា«ការសម្របសម្រួល» ដោយសារតែភាគីទាំងពីរ មិនសប្បាយចិត្តទាំងស្រុង ជាមួយនឹងខ្លឹមសាររបស់ច្បាប់នេះ។
ជាមួយគ្នានេះ លោកប្រធានាធិបតី បៃដិន និង លោកប្រធានាសភា ម៉ាកខាធី កំពុងតែប្រឈមមុខនឹងការរិះគន់ ពីសមាជិក នៃគណបក្សរបស់ពួកគាត់។ សមាជិកសភាមួយចំនួន មកពីគណបក្សសាធារណរដ្ឋ ជឿ ថា សម្បទាន មានតិចតួចពេក ត្រូវបានធានា ជាថ្នូរនឹងការបង្កើនកម្រិតប្រាក់បំណុល ចំពេលសមាជិកសភាមួយចំនួន មកពីគណបក្សប្រជាធិបតេយ្យ ជំទាស់នឹងការផ្តល់មូលនិធិ សម្រាប់ការកាត់បន្ថយកម្មវិធីជំនួយសំខាន់ៗរបស់រដ្ឋាភិបាល ហើយចាប់ផ្តើមការសងប្រាក់កម្ចីដល់សិស្សឡើងវិញ។
បើទោះជាយ៉ាងណាក្ដី លោកប្រធានាធិបតី ចូ បៃដិន និង លោកប្រធានសភា ម៉ាកខាធី បានបញ្ជាក់ ថា ពួកគាត់ មានទំនុកចិត្ត ថា ពួកគាត់នឹងទទួលបានការគាំទ្រគ្រប់គ្រាន់ ដើម្បីអនុម័តច្បាប់នេះដែរ៕










