ពពួកសត្វដាយណូស័របានស្លាប់ផុតពូជតាំងពី ៦៥ លានឆ្នាំមុនមកម្ល៉េះ ហើយសាកសពរបស់ពួកវាត្រូវបានកប់នៅក្រោមដីរហូតក្លាយជាសិលា ឬហៅថា ផូស៊ីល (Fossil) ដែលផូស៊ីលនេះហើយ អាចឱ្យគេដឹងថាពួកវារស់នៅទីណាខ្លះ។ ដូច្នេះហើយ តើទឹកដីអាស៊ីអាគ្នេយ៍របស់យើង ធ្លាប់មានសត្វដាយណូស័ររស់នៅដែរទេ?
តាមការសិក្យាស្រាវជ្រាវផ្នែកបុរាណវិទ្យា បានឱ្យដឹងថា ការរកឃើញផូស៊ីលដាយណូស័រលើកដំបូងនៅឯស្រុកភូវៀង ខេត្តខនកេន ក្នុងឆ្នាំ១៩៧៦ នៃប្រទេសថៃ ជាផូស៊ីលដាយណូស័រ Sauropod ឬដាយណូស័រស៊ីស្លឹកឈើ ខណៈដាយណូស័រប្រភេទនេះមានកវែង ជាពពួកអម្បូរថ្មី។ ក្រៅពីនេះ គេបានរកឃើញធ្មេញរបស់ដាយណូស័រអម្បូរថ្មីមួយទៀត ដែលមានឈ្មោះថា ស្យាមមូសូរ៉ាស់ សុធីថននី (Siamosaurus Suteethorni)។
ក្រោយមក រដ្ឋាភិបាលថៃក៏បានប្រកាសដាក់តំបន់ទាំងនោះជា ឧទ្យានជាតិភូវៀង (Phu Wiang Dinosaur Museum) ដែលជាឧទ្យានដាយណូស័រដំបូងគេក្នុងអាស៊ីអាគ្នេយ៍។
នៅមានកន្លែងផូស៊ីលដាយណូស័រសំខាន់ៗជាច្រើនកន្លែងទៀត ដូចជា ស្រុកភូកាឌឹង ខេត្តលើយ ស្រុកណាមណាវ ខេត្តពេជ្របូណ៌ ស្រុកខាំមួង ខេត្តកាឡាស៊ីន និងនៅមានកន្លែងដែលឃើញស្នាមជើងដាយណូស័រនៅឡានហ៊ីនឡាតប៉ាឆាត ស្រុកភូវៀង ខេត្តខនកេន បរិវេណណាសៃយ៉ៃ ក្នុងតំបន់ឧទ្យានជាតិខាវយ៉ៃ ខេត្តប្រាជីនបុរី ឧទ្យានភូហ្វេក ក្នុងស្រុកណាឃូ ខេត្តកាឡាស៊ីន និងឧទ្យានជាតិភូកាវ-ភូផានខាំ ខេត្តណងបួឡាំភូ៕











