កុមារី សោ ស្រីម៉ី អាយុ១០ឆ្នាំមានស្រុកកំណើតនៅខេត្តព្រះវិហារកំពុងធ្វើឱ្យមហាជនរួម និង គណៈកម្មការក្នុងកម្មវិធី Cambodian Idol Junior រដូវកាលទី២ រំជួលចិត្ត អាណិតដល់កុមារីរូបនេះក្រោយពីរៀបរាប់ពីជីវិតតស៊ូនៅក្នុងគ្រួសារមានជីវភាពខ្វះខាតរ៉ាប់រងច្រើនបន្ទាប់ពីការសិក្សាឆ្លៀតស៊ីឈ្នួលឃ្វាលគោ និងដកផ្កាស្មៅលក់។ មិនត្រឹមតែប៉ុណ្ណោះទោះជាជួបការលំបាកយ៉ាងណាប្តេជ្ញាតស៊ូមិនបោះបង់ចោលការសិក្សាឡើយ។
កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក Cambodian Idol Junior រដូវកាលទី 2 វគ្គ Judge Audition បានឈានចូលដល់សប្ដាហ៍ទី 2 នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ អាយុ១០ឆ្នាំរៀនថ្នាក់ទី៣ មានស្រុកកំណើតនៅទីរួមខេត្តព្រះវិហារ កំពុងធ្វើឱ្យមហាជនរំជួលចិត្តយ៉ាងខ្លាំង។ កុមារីរូបនេះ បានរៀបរាប់ថានាងមានឪពុកជាកម្មករសំណង់ និងម្តាយប្រកបរបរដកក្រអៅឈូកលក់ក្នុងមួយថ្ងៃជួនកាលបាន១០០០០រៀល ខណៈជីវភាពខ្វះខាត មិនមានផ្ទះខ្លួនឯងនោះទេ គឺនៅផ្ទះរួមជាមួយយាយ ហើយពេលនេះជីដូនមានជំងឺត្រូវសម្រាកនៅមន្ទីរពេទ្យទៀត។
កុមារី រូបនេះបន្តទៀតថា ពេលទំនេរពីការសិក្សានាងស៊ីឈ្នួលមើលគោ និងដកផ្កាស្មៅ យកលក់បានកំរៃខ្លះ និងពេលចេញពីរៀនត្រូវដាំបាយដោយខ្លួនឯងនិងត្រូវមើលថែប្អូន ហើយពេលមកចូលរួមប្រលងនេះមានការជួយជ្រោមជ្រែងពីអ្នកជិតខាង និងប្រាក់សន្សំខ្លះក្នុងការធ្វើដំណើរមកប្រលង។
ទោះបីជាជួបការលំបាកខ្លាំងតែកុមារីរូបនេះបាននិយាយថាមិនបោះបង់ចោលការសិក្សាឡើយនឹងរៀនឱ្យចប់ ហើយម្តាយរបស់កុមារីរូបនេះក៏បានប្តេជ្ញា ជាមួយគណៈកម្មការទាំង៣រួមមាន អ្នកនាង សុគន្ធនិសា លោក ហ្សូណូ និងកញ្ញា សុខ សីឡាលីនថា ទោះជាជួបការលំបាកយ៉ាងណាគាត់មិនឱ្យកូនបោះបង់ការសិក្សាឡើយតស៊ូឱ្យកូនរៀនចប់ចុងចប់ដើម។
ទោះត្រឹមតែអាយុ១០ឆ្នាំ តែកុមារី សោ ស្រីម៉ី មានសុទិដ្ឋិនិយមខ្ពស់ដឹងគុណឪពុកម្តាយ និងអ្នកជិតខាងដែលបានជួយគាំទ្រនាងមានឱកាសមកប្រលងចម្រៀងដែលជាក្តីស្រមៃរបស់កុមារីរូបនេះ។
គួរបញ្ជាក់ផងដែរថា កុមារី សោ ស្រីម៉ី បានជ្រើសយកបទ «គេឱបបងអូនឱបដបស្រា»មកបកស្រាយក្នុងវគ្គ Judge Audition ទោះបីជាស្រក់ទឹកភ្នែកអមដោយអារម្មណ៍ក្តុកក្តួលយ៉ាងណាតែកុមារីរូបនេះអាចបកស្រាយបទចម្រៀងបានយ៉ាងល្អ។ រីឯសំឡេងទៀតក៏ពីរោះ កុមារីរូបនេះទទួលបានការសរសើរពីគណៈកម្មការ និងមហាជនយ៉ាងច្រើន ខណៈ ស្រីម៉ី ក៏មានឱកាសអាចបន្តទៅវគ្គជាបន្តទៀតផងដែរ៕










