ផ្សិតប៉ក់ គឺជាប្រភេទផ្សិតភ្នំម្យ៉ាង ដែលភាគច្រើនសំបូរនៅ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ហើយជាប្រភេទផ្សិតដែលលក់បានថ្លៃគួរសម និងមានរសជាតិឆ្ងាញ់ប្លែកខុសពីផ្សិតធម្មតា។ ផ្សិតប្រភេទនេះ តែងដុះចេញពីផះដែលបន្សល់ទុកពីភ្លើងឆេះព្រៃនារដូវប្រាំ ហើយជាទូទៅប្រជាពលរដ្ឋអាចប្រមូលផលបានជុំវិញ ១០ថ្ងៃ ប៉ុណ្ណោះ។ ផ្សិតប៉ក់មានរាងមូលដូចពងក្រួច ភាគច្រើនដុះកប់ក្នុងស្រទាប់ដី ហើយគេអាចសម្គាល់បានដោយឃើញមានដីពើងប្រះឡើងលើ នៅតំបន់ដែលធ្លាប់មានភ្លើងឆេះព្រៃកន្លងមក។
លោក សោ ភា ប្រធានសហគមន៍ស្រែអំពិលបានតាមការឱ្យថាអ្នកភូមិត្រូវធ្វើដំណើរក្នុងចំងាយប្រមាណ ១០ ទៅ ២០គីឡូម៉ែតពីភូមិ ដើម្បីទៅដល់កន្លែងរកផ្សិតនេះ ដែលស្ថិតក្នុងព្រៃរបស់សហគមន៍ការពារធម្មជាតិស្រែអំពិល ហើយក៍ជាសហគមន៍មួយស្ថិតនៅក្រោមការគាំទ្រពីគម្រោង «និរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ហៅកាត់ថា CSLEP ផងដែរ។ ជាទូទៅពលរដ្ឋម្នាក់ អាចរកផ្សិតប៉ក់នេះ ២ ទៅ ៣គីឡូក្រាមក្នុងមួយថ្ងៃ ឬច្រើនជាងនេះ អាស្រ័យទៅតាមតំបន់ និងអាកាសធាតុ។
លោកបន្តអោយដឹងថា បន្ទាប់ពីប៉ះផ្សិតប៉ក់បានពីព្រៃរួចមកប្រជាសហគមន៍នៅទីនេះ គេធ្វើម្ហូបសម្រាប់ហូបចុកក្នុងគ្រួសារផង និង ជាម្ហូបបែបធម្មជាតិសម្រាប់ភ្ញៀវទេសចរណ៍ផង ហើយមុខម្ហូបដែលគេតែងពេញនិយមគឺយកមកស្ងោ រឺឆា ក៏បាន ដោយវាមានរសជាតិឆ្ងាញ់ខុសប្លែកពីផ្សិតទូទៅ។ ក្រៅពីធ្វើម្ហូប ពួកគាត់អាចរកចំណូលពីការលក់ផ្សិតប៉ក់នេះចាប់ពី ៣៧,០០០រៀល ទៅ៤០,០០០ ក្នុងមួយគីឡូក្រាមទៅអោយឈ្មួញផងដែរ៕










