ការស្រាវជ្រាវថ្មីមួយនៅតំបន់អឺរ៉ុបបង្ហាញថា ជីគីមី និងថ្នាំកម្ចាត់សត្វល្អិតដែលគេប្រើប្រាស់ក្នុងផ្នែកកសិកម្ម គឺជាមូលហេតុចម្បងធ្វើឱ្យបក្សីនៅតំបន់អឺរ៉ុប និងប្រទេសអង់គ្លេសងា.ប់ជាង៥៥០លានក្បាល ។ ក្រុមអ្នកស្រាវជ្រាវបានអំពាវនាវឱ្យប្រទេសទាំងអស់ប្រញាប់ដោះស្រាយបញ្ហានេះជាបន្ទាន់ ដើម្បីការពារបរិស្ថាន និងភាពចម្រុះនៃធម្មជាតិ ។
ការស្រាវជ្រាវនេះបានផ្សព្វផ្សាយនៅក្នុងឯកសារ Proceedings of the National Academy of Sciences (PNAS) ដែលគេបានពិនិត្យបក្សីជាង១៧០ពូជឃើញថា បក្សីទទួលរងផលប៉ះពាល់ដោយសារកត្តា៤យ៉ាង គឺកសិកម្មពឹងផ្អែកលើការប្រើជីគីមី និងថ្នាំកម្ចាត់សត្វល្អិត, បរិមាណព្រៃឈើផ្លាស់ប្តូរ, ការពង្រីកទីក្រុង និងសភាពអាកាសធាតុ ។ គេបានប្រមូលផ្តុំទិន្នន័យពីក្រុមអ្នកវិទ្យាសាស្ត្រ និងពលរដ្ឋរាប់ពាន់នាក់បង្ហាញថា តំបន់ជាង២ម៉ឺនកន្លែងនៅ២៨ប្រទេសទូទាំងតំបន់អឺរ៉ុប គឺក្នុងរយៈពេល៤០ឆ្នាំកន្លងមក បក្សីរស់នៅតំបន់កសិកម្មបានធ្លាក់ចុះខ្លាំងរហូតដល់៥៦,៨% ហើយបក្សីរស់នៅតាមទីក្រុងធ្លាក់ចុះ២៧,៨% ខណៈបក្សីរស់នៅតាមព្រៃភ្នំធ្លាក់ចុះ១៧,៧% ។
ការអភិវឌ្ឍវិស័យកសិកម្មនៅតំបន់អឺរ៉ុបបានក្លាយជាមូលហេតុចម្បងដែលធ្វើឱ្យបក្សីប្រមាណ៥៥០លានក្បាលងា.ប់ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ។ ក្រុមអ្នកស្រាវជ្រាវលើកហេតុផលថា ដោយសារការប្រើជីគីមី និងថ្នាំកម្ចាត់សត្វល្អិតបានធ្វើឱ្យបាត់បង់ចំណីអាហារបក្សី ។ គេសង្កេតឃើញថា ដង្កូវ និងសត្វល្អិត គឺជាសត្រូវរបស់ដំណាំនានា ដូច្នេះ គេក៏ប្រើប្រាស់ថ្នាំគីមី និងថ្នាំកម្ចាត់សត្វល្អិតនៅតាមស្រែចម្ការ ទើបធ្វើឱ្យបក្សីខ្វះចំណី ហើយបានងា.ប់ជាបន្តបន្ទាប់ និងទទួលជាតិពុលកើនឡើងផងដែរ ។
ចំណែកកត្តា៣ទៀតក៏គំរាមកំហែងដល់បក្សីដូចគ្នាដែរ ដូចជា ការពង្រីកទីក្រុងគឺជាមូលហេតុទី២ ដែលធ្វើឱ្យចំនួនបក្សីធ្លាក់ចុះ ដោយសារគ្មានសំបុករស់នៅ ។ រីឯការប្រែប្រួលអាកាសធាតុធ្វើឱ្យពិភពលោកកាន់តែក្តៅ ហើយចុងក្រោយ គឺបរិមាណព្រៃឈើបានផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ។
ប្រធាននាយកដ្ឋានការប្រើប្រាស់ដីប្រកបដោយនិរន្តរភាពរបស់ The Royal Society for the Protection of Birds លើកឡើងថា ៖ «ការពឹងផ្អែកលើជីគីមី និងថ្នាំកម្ចាត់សត្វល្អិតកាន់តែខ្លាំងឡើងធ្វើឱ្យយើងអាចបង្កើនទិន្នផលដំណាំបានច្រើន ប៉ុន្តែវាក៏ធ្វើឱ្យមានគ្រោះថ្នាក់ដល់បក្សី សត្វព្រៃ និងប៉ះពាល់បរិស្ថានផងដែរ» ។
ក្រុមអ្នកស្រាវជ្រាវបានអំពាវនាវឱ្យរដ្ឋាភិបាលប្រទេសនីមួយៗពិនិត្យឡើងវិញពីសារធាតុប្រើប្រាស់ក្នុងផ្នែកកសិកម្ម តើវាប៉ះពាល់ដល់ធម្មជាតិដែរឬទេ ? រួមទាំងមាននយោបាយការពារបរិស្ថាន និងភាពចម្រុះនៃធម្មជាតិ ៕ ប្រភព ៖ environman










