ការប្រកួតប្រភេទកីឡាទូកក្ដោង សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ពីតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ ដែលមាន ៩ វិញ្ញាសា បញ្ចប់ទៅដោយភាពជោគជ័យហើយព្រមទាំងរកឃើញម្ចាស់មេដាសផងដែរគឺបានទៅលើអត្តពលិកប្រទេសថៃដោយមានការអញ្ជើញចូលរួមបំពាក់មេដាយដោយ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។
ក្នុងប្រភេទកីឡាទូកក្ដោង អត្តពលិកមកពីប្រទេសថៃ ប្រមូលមេដាយមាសបានច្រើនជាងគេដោយទទួលបានចំនួន ៤គ្រឿង ចំណែកសិង្ហបុរី ទទួលបានមេដាយមាស ៣គ្រឿង និងម៉ាឡេស៊ី រកបានមេដាយមាស ២គ្រឿង ដោយឡែកម្ចាស់ផ្ទះកម្ពុជា ជាមួយ ហ្វីលីពីន ទទួលបានមេដាយប្រាក់ ១គ្រឿង និងសំរឹទ្ធ ២គ្រឿងដូចគ្នា។
គួរបញ្ជាក់ផងដែរថា កីឡាទូកក្តោង បានចាប់ផ្តើមប្រកួតនៅថ្ងៃទី២ ខែឧសភា វេលាម៉ោង១០ និង ៣០នាទីព្រឹក និងបានបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ ទូកក្តោងផ្នែកបុរស និងកីឡាទូកក្តោងផ្នែកនារី មានកីឡាមកពីប្រទេសចំនួន៦ ស្មើនឹង ១០១នាក់ ចូលរួមប្រកួត ក្នុងនោះរួមមាន៖៖ កម្ពុជា មានកីឡាករចូលរួមចំនួន ១៨រូប , ថៃ មានកីឡាករចូលរួមចំនួន ២៧រូប, សិង្ហបុរី មានកីឡាករចូលរួមចំនួន ១៦រូប, ម៉ាឡេស៊ី មានកីឡាករចូលរួមចំនួន ១៥រូប ហ្វីលីពីន មានកីឡាករចូលរួមចំនួន ១៤រូប , វៀតណាម មានកីឡាករចូលរួមចំនួន ១១រូប៕