ចំណងជើងអក្សរផ្កាប់ចុះក្រោមរបស់តារាចម្រៀង ជី ដេវីត បានបង្កឱ្យមានការជជែកវែកញែកមិនធម្មតានៅលើបណ្តាញសង្គមរហូតតារាចម្រៀងរូបនេះសុំការយោគជ័យ និងសុំពេលកែសម្រួល។ ទោះយ៉ាងណា រឿងអក្សរផ្កាប់ចុះក្រោមនេះលោកបណ្ឌិត វង់ សុធារ៉ា ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានបញ្ចេញប្រតិកម្មរឿងនេះនៅលើបណ្តាញសង្គមផងដែរថា ការធ្វើបែបនេះប្រៀបដូចជាការប្រមាថអក្សរសាស្រ្តខ្មែរ ខណៈអ្នកចេះដឹងខាងផ្នែកអក្សរសាស្រ្តនេះជនជាតិថៃច្រើនណាស់ទើបលោកលូកមាត់ក្នុងរឿងនេះ។
នៅយប់ថ្ងៃទី៣ ខែឧសភា អ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីលោកបណ្ឌិត វង់ សុធារ៉ា ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយលោកក៏ជាសាស្ត្រាចារ្យផ្នែកសិលាចារឹកម្នាក់ ប្រតិកម្មទៅលើចំណងជើងបទចម្រៀងថ្មីរបស់លោក ជី ដេវីត មានចំណងជើងថា «មហានគរ» ដែលមានតួអក្សរខ្លះផ្កាប់ចុះក្រោម។
លោកបណ្ឌិតបានរៀបរាប់ថា « នៅសម័យអង្គរ ខ្ញុំមិនដែលឃើញដូនតាហៅថា «មហានគរ»ទាល់តែសោះ។ សិលាចារឹកសរសេរត្រឹម «នគរឝ្រីយឝោធរបវ៌្វត» ឬ «នគរឝ្រីយឝោធរបុរ»។ មកដល់ចុងសតវត្សរ៍ទី១៥ គេហៅអតីតរាជធានី ស្រីយសោធរបុរ នេះថា «ព្រះនគរ» ។ សិលាចារឹកសតវត្សរ៍ទី១៦ ឆ្នាំ១៥៧៩ ទើបឃើញគេហៅថា «ព្រះមហានគរឥន្ទ្រប្រឞ្ដ/ប្រស្ដ» ដែលក្រោយមកត្រូវគេហៅរេលថា «មហានគរឥន្ទ្រប្រាស», «ឥន្ទិបថមហានគរ» ឬ «មហានគរឥន្ទបទ» ….។
ចំណែកអ្នកខំសរសេរឈ្មោះនេះដោយអក្សរសតវត្សរ៍ទី៩ គ្រាន់ជាការខំប្រឌិត។ ចំណែកអ្នកតុបតែងផ្សាយម៉ូតសម្លៀកអ្នកចម្បាំងបុរាណ និងសរសេរអក្សរដែលចង់ថា មហានគរ នោះទៀត រឹតតែ ប្រមាថអក្សរសាស្ត្រខ្មែរទៅទៀត។
(បន្ថែម៖ ខ្ញុំគ្រាន់តែចង់ប្រាប់ថា ពាក្យ«មហានគរ» ជាពាក្យយើងហៅសំដៅ«សម័យអង្គរដ៏រុងរឿង» ដែលបានកន្លងផុតទៅនោះទេ ដូចឈ្មោះ«ដេវីត» មិនអាចមាននៅសម័យអង្គរអញ្ចឹង។
ខ្ញុំឥតទើសក្បាលជាមួយអ្នកណាហៅសម័យអង្គរថា «មហានគរ»ទេ។ ខ្ញុំថា «ប្រមាថអក្សរសាស្ត្រខ្មែរ» មកពីសរសេរតុបតែងព្យញ្ជនៈ «ម» និង «រ»ផ្កាប់ចុះក្រោម តែប៉ុណ្ណោះ។ បើគេសរសេរឈ្មោះអស់លោក ដោយផ្កាប់តួខ្លះ បានដែរទេ? បើទាំងអស់គ្នាយល់ព្រមបន្តធ្វើបែបហ្នឹងទៅ)»។
ភ្ជាប់ជាមួយការប្រតិកម្មនេះ លោកបណ្ឌិត វង់ សុធារ៉ា ក៏បានលើកឡើងទៀតថា «ចំណុចសំខាន់ មិនមែនត្រង់ហ្នឹងទេ។ សូមកុំច្រឡំតទៅទៀត។ ចំណុចខុសធ្ងន់ គឺសរសេរ ម និង រ ផ្កាប់។ តែចំណុចនេះ ម្ចាស់បានកែតម្រូវហើយ ដោយយកហ្វុងអក្សរបុរាណដែលខ្ញុំបានផ្តើមគូរតាំងពីឆ្នាំ១៩៩៨នោះ មកសរសេរ ជំនួសវិញ។ ទោះបី វាមិនឆ្លើយតបប្រវត្តិសាស្ត្រពិត ក៏យើងទទួលយកបាន ដោយចាត់ទុកជាការ ប្រឌិតមួយ។
សូមកុំភ្លេចថា មានអ្នកចេះដឹងខាងផ្នែកនេះជាជនជាតិថៃច្រើនណាស់ ទើបខ្ញុំលូកមាត់ ពន្យល់ខាងលើ។ នៅពេលឃើញcommentsទទឹងទទែងច្រើន ទើបខ្ញុំបញ្ជាក់បន្ថែម។
ម្យ៉ាងទៀត ប្អូនដេវីត ថាបទចម្រៀង «មហានគរ»នេះទុកច្រៀងអបអរសាទរមហាព្រឹត្តិការណ៍SEA Game32ផង ក៏នាំឱ្យវារិតតែសំខាន់ទៅទៀត»៕











