កាលពីម្សិលមិញ ការប្រកួតបើកឆាកដំបូងសម្រាប់វិញ្ញាសាបាល់ទះបុរស ក្រុមកម្ពុជាធ្វើបានយ៉ាងល្អ ដោយបានឈ្នះ សិង្ហបុរី ៣សិត០ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
ដោយឡែកនៅក្នុងថ្ងៃនេះ កម្ពុជា ត្រូវតែឈ្នះដាច់ខាត ដើម្បីធានាកៅអីនៅវគ្គបន្ទាប់ ដោយត្រូវជួបក្រុមហ្វីលីពីន។ ប្រកួតដំបូងរបស់ហ្វីលីពីន ពួកគេបានបរាជ័យ៣សិត០ ទៅលើក្រុមឥណ្ឌូនេសុី ដូច្នេះវាហាក់មិនពិបាកទេ សម្រាប់ក្រុមកម្ពុជាឡើងទៅកាន់វគ្គបន្ទាប់។
សូមជម្រាបផងដែរ កម្ពុជា ស្ថិតនៅពូល A ជាមួយសិង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេសុី ខណៈពូល B មានថៃ វៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេសុី។
សម្រាប់នៅក្នុងថ្ងៃនេះផងដែរ ការប្រកួតនឹងចាប់ផ្តើមពីម៉ោង១២ថ្ងៃត្រង់តទៅ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ហេតុដូច្នេះសូមបងប្អូនអ្នកគាំទ្រចូលរួមឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់អត្តពលិករបស់យើង៕










