ឧទ្យានជាតិគីរីរម្យ គឺជាតំបន់ធម្មជាតិដ៏មានភាពទាក់ទាញពីប្រជាជនខ្មែរ ព្រោះនៅទីនោះសម្បូរដោយកន្លែងធម្មជាតិស្អាតៗ សម្រាប់មនុស្សដែលចូលចិត្តផ្សងព្រេង និងបោះតង់ជាដើម។
ឧទ្យានជាតិនេះ ត្រូវបានគេទទួលស្គាល់ថាជាកន្លែងសម្រាប់លេងកម្សាន្ត និងជាទីកន្លែងបោះតង់ដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសយើងផងដែរ។
នៅក្នុងនោះ “ជ្រោះផ្តាច់ព្រលឹង” ក៏ជាទីកន្លែងដ៏ស័ក្កសមបំផុតមួយផងដែរ សម្រាប់ការបោះតង់ ឬផ្សងព្រេង នៅលើភ្នំគីរីរម្យ។

ឈ្មោះជ្រោះផ្តាច់ព្រលឹងស្តាប់មើលទៅគួរឱ្យខ្លាចណាស់ ប៉ុន្តែ ធាតុពិត នៅពេលទៅដល់ជាក់ស្តែងទើបដឹងថា ជាទីកន្លែងមួយដ៏ស្រស់ស្អាត គួរឱ្យទាក់ទាញមិនខុសពីតំបន់ផ្សេងទៀតឡើយ។ ជ្រោះផ្តាច់ព្រលឹង ជាទីកន្លែងមួយស្រស់ស្អាត មានភាពស្ងប់ស្ងាត់ បរិយាកាសល្អ ស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តបោះតង់បែបស្ងប់ស្ងាត់ ចង់ស្តាប់សំឡេងធម្មជាតិ មិនចូលចិត្តសំឡេងរំខាននានា។
លើសពីនេះទៅទៀត ពេលទៅដល់ទីនោះ យើងអាចគយគន់សម្រស់ធម្មជាតិ ព្រៃឈើ ដ៏ស្រស់ត្រកាល ដែលលាតសន្ធឹតលើផ្ទៃដីរាប់ពាន់ហិចតា។
ក្រៅពីជ្រោះផ្តាច់ព្រលឹង នៅលើភ្នំគីរីរម្យនេះ ក៏មានកន្លែងសម្រាប់សម្រាកកម្សាន្ត បោះតង់ និងលេងទឹកជ្រោះជាច្រើនកន្លែងថែមទៀតផងដែរ ដូចជា៖ ថ្មលយ បឹងចំការតែ និងឧទ្យានបោះតង់គីរីរម្យជាដើម៕







រូបភាព៖ one step adventure







