សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះយើងយកលុយពីគណៈប្រតិភូកីឡាស៊ីហ្គេម ក៏មិនធ្វើឱ្យកម្ពុជាយើងក្លាយជាអ្នកមាននោះដែរ។ សម្តេចតេជោថ្លែងបែបនេះក្នុងកម្មពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នៃវិទ្យាស្ថានជាតិអប់រំ (NIE) នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣នេះ។
សម្តេចមានប្រសាសន៍ថា «អ្នកខ្លះទិតៀនពីក្រៅប្រទេសថា យើងអត់លុយ ប្រជាជនរកលុយមិនបាន បែរជាមិនព្រមលុយគេ អ្នកឯងគិតតាមអ្នកឯងក្រៅប្រទេសចុះ ប៉ុន្តែខ្ញុំគិតតាមខ្ញុំ…នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះស៊ីហ្គេមនឹងចាប់ផ្តើមហើយ… ហើយលើកនេះ Free ទាំងអស់ ចាំមើលផលប្រយោជន៍ដែលកម្ពុជា ត្រូវចំណាយ៧លានដុល្លារបន្ថែមដើម្បីផ្គត់ផ្គង់ឱ្យកីឡាករ កីឡាការិនី គ្រូបង្វឹករបស់ប្រទេសក្រៅមកលេងនៅស្រុកខ្មែរ»។
នាយកដ្ឋមន្រ្តីបានបន្ថែមថា «បើយើងប្រមូលក៏អត់ក្លាយជាអ្នកមានដែរ បើយើងមិនប្រមូលយើងផ្តល់ឱកាសឱ្យមនុស្សច្រើនណាស់ចូលមកក្នុងស្រុកខ្មែរ ស្គាល់ពីខ្មែរ ហើយថ្ងៃក្រោយខ្ញុំមានជំនឿថា ប្រទេសមួយចំនួនក្នុងក្របខណ្ឌដៃគូអាស៊ាន គេនឹងផ្តល់ភាពបដិការឱ្យប្រទេសយើងវិញ ខ្ញុំជឿយ៉ាងដូច្នេះ »។
សម្តេច ហ៊ុន សែន បានលើកឡើងទៀតថា លើកលែងតែប្រទេសអត់ចិត្ត ប្រទេសមានចិត្តគេនឹកឃើញថាកម្ពុជាមិនយកថវិកាដូច្នេះគេនឹងនឹកឃើញកម្ពុជាវិញព្រោះកីឡាស៊ីហ្គេមតម្រូវបង់ឱ្យគេ៥០ដុល្លារ ប៉ុន្តែកម្ពុជាសម្រេចមិនគិតថ្លៃ ហើយមិនទារវិញនោះទេ តែបើឱ្យកម្ពុជានឹងទទួលយក។
គួរបញ្ជាក់ផងដែរ កម្ពុជា សម្រេចផ្តល់ជូនកន្លែងស្នាក់នៅ ការហូបចុក ឥតគិតថ្លៃទៅដល់គណៈប្រតិភូចូលរួមប្រតិភូកីឡាស៊ីហ្គេម ខណៈជាទូទៅត្រូវចំណាយ៥០ដុល្លារក្នុងមួយថ្ងៃទៅឱ្យម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេម។ បន្ថែមពីលើនេះ កម្ពុជា បានផ្ដល់សិទ្ធិផ្សព្វផ្សាយ ព័ត៌មានកីឡាទាំងក្នុង និងក្រៅប្រទេស និងការចូលរួមគ្រប់ប្រភេទកីឡា គឺមិនគិតថ្លៃដូចគ្នា៕










