ប្រទេសម៉ាឡេស៊ី ៖ នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក Anwar Ibrahim ទើបបានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរយៈពេល៣ថ្ងៃ ហើយលោកបានផ្តល់បទសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានថា លោក និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានផ្លាស់ប្តូរមតិយោបល់គ្នាអំពីប្រធានបទផ្សេងៗក្នុងអំឡុងពេលប្រជុំ ។ លោកមើលឃើញថា លោក ស៊ី ជិនពីង ទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្នុងការលុបបំបាត់ភាពក្រីក្រ ហើយម៉ាឡេស៊ីអាចរៀនសូត្រពីបទពិសោធន៍នានារបស់ចិន ។
ក្នុងការផ្តល់សម្ភាសន៍ពិសេសទៅកាន់ស្ថានីយទូរទស្សន៍កណ្តាលរបស់ចិន (CCTV) លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anbar Ibrahim ថ្លែងថា ក្នុងកិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង គឺពួកលោកបានផ្លាស់ប្តូរមតិយោបល់គ្នាជាច្រើនប្រធានបទ ដូចជា បញ្ហាការទូតទូទៅ អនាគតប្រទេសជាតិរួមគ្នា រហូតដល់រឿងប្រទេសទាំងពីរអាចសហការគ្នាកាន់តែខ្លាំងលើផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាមតិយល់ឃើញទាក់ទងនឹងស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្នផងដែរ ។
លោក Anbar Ibrahim បានទទួលតំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២ បានថ្លែងថា លោកមិនបានលះបង់ការព្យាយាមក្នុងការកាត់បន្ថយភាពក្រីក្រទេ តាំងពីលោកបានទទួលតំណែងជានាយករដ្ឋមន្ត្រីមក ។ លោកបន្តថា ប្រទេសចិនទទួលបានជោគជ័យក្នុងការកាត់បន្ថយភាពក្រីក្រ គឺជាមេរៀនមួយដ៏មានតម្លៃសម្រាប់លោក ហើយលោកប្រធានាធិបតីចិន ស៊ី ជិនពីង ក៏យល់ព្រមជួយកាត់បន្ថយភាពក្រីក្រនៅម៉ាឡេស៊ីផងដែរ ៕ ប្រភព ៖ TNN World










