នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ អ្នកលេងបណ្តាញសង្គមផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះឪពុក តារាចម្រៀង សំ សុវណ្ណារ៉ាក់ ប្រកាសកាត់កាល់លោកចោលដោយគ្មានស្តាយស្រណោះព្រោះតែ សំ សុវណ្ណារ៉ាក់ មិនស្តាប់បង្គាប់ជេរប្រមាថអ្នកមានគុណ។ ទោះយ៉ាងណា តារាចម្រៀងរូបនេះបានរក្សាភាពស្ងៀមស្ងាត់ មិនចេញមុខបកស្រាយជូនមហាជនឡើយ។
សំ សុវណ្ណារ៉ាក់ ជាតារាចម្រៀងមួយរូបក្នុងទ្រនំហង្សមាស ដែលជាអតីតបេក្ខជន X-Factor Cambodia ។ ដ្បិតមិនមែនជាតារាចម្រៀងជួរមុខក្នុងទ្រនំខាងលើនេះក៏មិនមែន ប៉ុន្តែលោកបានសាងប្រជាប្រិយភាពគួរសមក្នុងស្រទាប់យុវវ័យ។ ទោះយ៉ាងណា អ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីមានគណនីហ្វេកប៊ុកមួយឈ្មោះថា Sam Samol ដែលគេស្គាល់ថាជាឪពុករបស់តារាចម្រៀងរូបនេះបានប្រកាសកាត់កាល់លោកជាសាធារណៈ។
ឪពុក សំ សុវណ្ណារ៉ាក់ បានសរសេរថា «ខ្ញុំ បាទ សំសំអុល សូមប្រកាសកាត់កាល់ជាសាធារណៈថាកូនម្នាក់នេះចោល ចាប់ពីពេលនេះតទៅ ហើយក៏ឈប់ទទួលស្គាល់ ជាកូនផង ដោយសារកូននេះមិនស្តាប់បង្គាប់ម៉ែឪ ជេរប្រមាថម៉ែឪ។ បើថ្ងៃក្រោយកូននេះ មានរឿងអីប្រព្រឹត្តខុសច្បាប់ ខ្ញុំជាអាណាព្យាបាលមិនទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ ថ្ងៃទី ២២/០៣/២០២៣»។ យ៉ាងណាមិញ បន្ទាប់ពីបង្ហោះសារនេះរួមលោកក៏បានលុបចេញពីបណ្តាញសង្គមផងដែរ។
ទន្ទឹមនឹងការបង្ហោះសារខាងលើ មានធ្លាយពាក្យចចាមអារ៉ាមបន្ថែមទៀតថា ការដែលឪពុកប្រកាសកាត់កាល់កូនដោយគ្មានស្តាយស្រណោះនេះដោយសារតែមិនពេញចិត្តនឹងគូស្នេហ៍របស់តារាចម្រៀង សំ សុវណ្ណារ៉ាក់ ។
បន្ទាប់ពីរឿងអាស្រូវនេះបានធ្លាយនៅលើបណ្តាញសង្គម ភាគីតារាចម្រៀង សំ សុវណ្ណារ៉ាក់ នៅមិនទាន់ចេញមុខបកស្រាយជូនមហាជនឡើយ និងរក្សាភាពស្ងៀមស្ងាត់ជាទីបំផុត ខណៈដែលសារព័ត៌មាន KBN បានព្យាយាមទាក់ទងតាមប្រព័ន្ធទូរស័ព្ទជាច្រើនដងគិតត្រឹមម៉ោង២រសៀលនេះ ពុំទាន់មានការឆ្លើយតបពីលោកនោះទេ៕