លោកស្រី Susan Wojcicki ជា CEO របស់យូធូប (YouTube) បានប្រកាសលាលែងពីតំណែងរបស់ខ្លួន បន្ទាប់ពីលោកស្រីបានបំពេញតួនាទីជា CEO អស់រយៈពេល៩ឆ្នាំ ប៉ុន្តែលោកស្រីនៅតែបំពេញតួនាទីជាទីប្រឹក្សារបស់ YouTube និង Alphabet ជាក្រុមហ៊ុនមេបន្តទៀត ។
លោកស្រីបញ្ជាក់ថា ពេលនេះ ជាពេលសមស្របបំផុតក្នុងការសម្រេចចិត្តលាឈប់ពីការងារ ពីព្រោះយូធូបមាននាយកគ្រប់គ្រងពូកែៗជាច្រើននាក់ទៀត ។ ចំណែកហេតុផលនៃការលាឈប់ពីតំណែង CEO របស់យូធូបនោះ គឺដោយសារតែលោកស្រីត្រូវការចាប់ផ្តើមជីវិតថ្មី ដោយផ្តល់ភាពសំខាន់ដល់ក្រុមគ្រួសារ សុខភាព និងរឿងផ្ទាល់ខ្លួន រួមទាំងគម្រោងនានាដែលលោកស្រីចាប់អារម្មណ៍ផងដែរ ។
ចំណែកអ្នកនឹងបំពេញមុខតំណែងជា CEO ថ្មី គឺ Neal Mohan កាន់តំណែងជា Chief Product Office របស់យូធូប ដែលបានមករួមការងារជាមួយ Google តាំងពីឆ្នាំ២០០៧ រួមទាំងសហការការងារជាមួយលោកស្រី Susan Wojcicki អស់រយៈពេលជាច្រើនឆ្នាំ ។
បច្ចុប្បន្ន លោកស្រី Susan Wojcicki មានអាយុ៥៤ឆ្នាំ ជានាយកគ្រប់គ្រងម្នាក់ក្នុងចំណោមនាយកគ្រប់គ្រងស្ត្រីដ៏សំខាន់លើការងារបច្ចេកវិទ្យា ក្នុងចំណោមនាយកគ្រប់គ្រងជាបុរស ។ លើសពីនេះ លោកស្រីក៏ជាបុគ្គលិកត្រួសត្រាយផ្លូវរបស់ Google តាំងពីឆ្នាំ១៩៩៨ និងជាបុគ្គលិកលំដាប់ទី១៦ របស់ក្រុមហ៊ុនទៀតផង ។
ក្រៅពីនេះ លោកស្រីក៏បានចូលរួមចំណែកជំរុញស្ថាបនិកទាំងពីររបស់ Google ដូចជា Larry Page និង Sergey Brin ដែលបានសម្រេចចិត្តទិញយកអាជីវកម្មយូធូបសម្រាប់វីដេអូកាលពីឆ្នាំ២០០៦ ក្នុងទឹកប្រាក់ជាង១.៦៥០លានដុល្លារអាមេរិក ។ ប៉ុន្តែអ្វីគួរឱ្យចាប់អារម្មណ៍បំផុត ហើយមនុស្សភាគច្រើនមិនទាន់ដឹងនោះ គឺលោកស្រី Susan Wojcicki ត្រូវបានគេចាត់ទុកថា ជា «Landlord» មនុស្សដំបូងរបស់ Google ដោយសារលោកស្រីបានអនុញ្ញាតឱ្យស្ថាបនិក Google ទាំងពីរជួលយានដ្ឋានក្នុងលំនៅឋានរបស់លោកស្រី ក្នុងតម្លៃ១.៧០០ដុល្លារអាមេរិកក្នុង១ខែសម្រាប់ធ្វើជាការិយាល័យដំបូងរបស់ Google មុននឹងផ្លាស់ចេញទៅជួលការិយាល័យថ្មី ៕
ប្រភព ៖ MarketThink










