ភ្នំពេញ៖ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានបញ្ជាក់ពីមូលហេតុនៃការខកខានមិនបាន នៅចូលរួមបុណ្យ ៧ថ្ងៃ លោកស្រី ប៊ុន សុថា ត្រូវជាប្អូនស្រីបង្កើត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែននោះទេដោយសារតែសម្ដេចត្រូវដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ទៅបំពេញទស្សនកិច្ចនៅឯប្រទេសចិន។
តាមគេហទំព័រហ្វេសប៊ុកដដែលនោះ នៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ សម្ដេចបានសរសេររៀបរាប់ថា “ប្អូនស្រីថ្ងៃស្អែកបែកគ្នា! សល់តែមួយយប់ទៀតប៉ុណ្ណោះរូបកាយប្អូន នឹងត្រូវបញ្ចុះទៅក្នុងព្រះធរណីដែលជាទីកន្លែងសម្រាកចុងក្រោយរបស់ប្អូនបែកគ្នាដោយមិនបានលា គឺជារឿងមិនអស់ចិត្តសម្រាប់ក្រុមគ្រួសារ តែនេះជាក្រឹត្យក្រមធម្មជាតិដែលមិនអាចជៀសវាងបានគឺ កើត ចាស់ ឈឺ ស្លាប់តែអ្វីជាការសោកស្តាយ គឺនៅត្រង់មនុស្សដែលមានអាយុច្រើនធ្វើបុណ្យសពឲ្យមនុស្សដែលមានអាយុតិចជាង។
សម្ដេចបន្តថា ជាគ្រួសារមួយដែលមិនធ្លាប់មានទំនាស់ទោះតូចក្តីធំក្តីមិនដែលមានភាពរកាំរកូសសូម្បីពាក្យសំដីមួយម៉ាត់ ការបែកគ្នាដោយគ្មានពេលជួបវិញពិតជាបានធ្វើឲ្យក្រុមគ្រួសារកាន់តែអាឡោះអាល័យនឹកស្រណោះដល់ពេល ដែលកន្លងហួសពិសេសកូន ចៅនិងក្មួយៗដែលម្តាយ ជីដូន និងម្តាយមីងបានមើលថែទាំដល់ពួក គេ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ដូចឆ្នាំកន្លងមកដែរពេលបងប្រុស មរណភាពខ្ញុំមិនបានចូលរួមបុណ្យ៧ថ្ងៃនោះទេព្រោះត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីប្រជុំពិសេសអាស៊ានសហរដ្ឋអាមេរិក។ លើកនេះពេលប្អូនស្រីទទួលមរណភាពពេលបុណ្យ៧ថ្ងៃត្រូវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ដែលកម្មវិធីនេះបានព្រមព្រៀងគ្នាតាម រយៈការទូតជាងមួយខែមកហើយ”។
សូមរំលឹកថា លោកស្រី ប៊ុន សុថា បានទទួលមរណភាព កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។ សពលោកស្រី ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕










