ប្រទេសហ្វីលីពីន ៖ ហ្វីលីពីនបានបើកភ្លើងខៀវឱ្យអាមេរិកចូលមកតាំងមូលដ្ឋានទ័ពក្នុងប្រទេសរបស់ខ្លួន៤កន្លែងទៀតក្បែរតំបន់ជម្លោះជាមួយចិន ស្របពេលសកម្មជនប្រឆាំងសម្លឹងឃើញថា នឹងធ្វើឱ្យស្ថានការណ៍សន្តិសុខក្នុងភូមិភាគកាន់តែតានតឹង ។
ក្រសួងការពារជាតិអាមេរិក និងហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយស្តីពី ហ្វីលីពីនបើកភ្លើងខៀវឱ្យកងទ័ពអាមេរិកអាចចូលមកតាំងមូលដ្ឋានទ័ពនៅហ្វីលីពីន៤កន្លែងទៀត ក្នុងកិច្ចព្រមព្រៀងសហការផ្នែកការពារជាតិ Enhanced Defense Cooperation Agreement (EDCA) ដែលបានចុះហត្ថលេខានៅឆ្នាំ២០១៤ ស្របពេលមានក្តីបារម្ភពីការពង្រីកឥទ្ធិពលរបស់ចិននៅសមុទ្រចិនខាងត្បូង ។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្នុងអំឡុងពេលលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក ធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ។
កិច្ចព្រមព្រៀងសហការផ្នែកការពារជាតិ (EDCA) នឹងអនុញ្ញាតឱ្យអាមេរិកអាចចូលមកតាំងមូលដ្ឋានទ័ពនៅប្រទេសហ្វីលីពីន ដើម្បីជាប្រយោជន៍ក្នុងការធ្វើសមយុទ្ធរួមគ្នា ការកំណត់ទីតាំងដំឡើងអាវុធជាមុន និងការបង្កលក្ខណៈងាយស្រួលផ្នែកយោធាផ្សេងទៀត ដូចជា ឃ្លាំងប្រេង និងកន្លែងស្នាក់នៅរបស់កងទ័ព ប៉ុន្តែមិនបានតាំងមូលដ្ឋានទ័ពរហូតនោះទេ ។
បណ្តាសកម្មជនហ្វីលីពីនបានប្រឆាំងនឹងរឿងនេះ ដោយសម្លឹងឃើញថា នឹងបង្កើនភាពតានតឹងក្នុងភូមិភាគ ហើយពួកគេបានចេញមកប្រមូលផ្តុំគ្នានៅបរិវេណខាងមុខបន្ទាយទាហានក្នុងទីក្រុងម៉ានីល នាថ្ងៃទី២ ខែកុម្ភៈ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការសហការគ្នានេះ ។ សកម្មជនមួយចំនួនបានយកទង់ជាតិអាមេរិកមកដុត ព្រមទាំងចោទប្រកាន់ថា អាមេរិកជាដើមហេតុធ្វើឱ្យមានអសន្តិសុខក្នុងភូមិភាគកាន់តែខ្លាំងឡើង ៕
ប្រភព ៖ TNN World










