ពយម្រេចកង្កែប ជាគោលដៅទេសចរណ៍ដ៏ពេញនិយមប្រចាំនៅតំបន់អារ៉ែង។ ពយម្រេចកង្កែប ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលមានចម្ងាយជាង ៤គីឡូម៉ែត្រពីសាលាបឋមសិក្សាជំនាប់។ ដើម្បីទៅកម្សាន្តនៅពយម្រេចកង្កែប អ្នកទេសចរត្រូវធ្វើដំណើរថ្មើជើងកាត់ព្រៃ ដែលមានដើមឈើធំៗ និងជម្រាលភ្នំ ដោយចំណាយពេល ១ម៉ោង ៤០នាទី។
ម្រេចកង្កែប ជាពយមួយនៃភ្នំម្រេចកង្កែប ដែលស្ថិតក្នុងភូមិសាស្រ្ដជួរភ្នំក្រវាញខាងត្បូង គ្របដណ្ដប់ដោយព្រៃទឹកភ្លៀង ដែលជាជម្រកនៃពពួកសត្វព្រៃ និងជីវៈចម្រុះកម្រៗជាច្រើនប្រភេទ។
ភាគច្រើន អ្នកទេសចរដែលមកដល់ទីនេះ គឺនិយមបោះតង់ ឬគេងអង្រឹងក្រោមដើមឈើ ដើម្បីទទួលយកបទពិសោធន៍ និងបរិយាកាសបែបថ្មី។ គួរបញ្ចាក់ផងដែរថា ដោយហេុតភូមិសាស្ត្ររៀងពិបាកទើបធ្វើអោយយើងឡើងទៅមិនដល់កំពូលភ្នំទេ នៅត្រឹមចង្កេះភ្នំ ដែលនៅចង្កេះភ្នំនោះគឺមានថ្មមួយដុំ ដែលយើងអាចបោះតង់គេងបាន ដែលហៅថាពយម្រេចកង្កែប។
ចំណែកនៅរដូវវស្សាវិញ ភ្ញៀវទេសចរណ៍ក៏អាចទៅទស្សនាទឹកថ្លាក់មួយកន្លែងដែលនៅមិនឆ្ងាយពីទីនោះប៉ុន្មាននោះទេ៕