ប្រទេសនូវែលសេឡង់ ៖ អ្នកស្រាវជ្រាវប្រទេសនូវែលសេឡង់បានពិភាក្សាគ្នាពីការកែតម្រូវកាត់បន្ថយពេលរៀនសូត្ររបស់សិស្ស ដើម្បីឱ្យពួកគេអាចសម្រាកបានច្រើន បន្ទាប់ពីការស្ទង់មតិមួយបង្ហាញថា ការបន្ថយពេលរៀនសូត្រធ្វើឱ្យមានផលល្អដល់សុខភាពនិងផ្នែកជាច្រើនទៀត រួមទាំងទទួលលទ្ធផលល្អក្នុងការសិក្សាផងដែរ ។
កាលពីថ្ងៃទី២០ ខែមករា កន្លងមក សារព័ត៌មានស៊ីនហួររាយការណ៍ថា ក្រុមអ្នកស្រាវជ្រាវនូវែលសេឡង់បានពិភាក្សាគ្នាពីភាពចាំបាច់ក្នុងការកាត់បន្ថយពេលសិក្សារៀនសូត្ររបស់សិស្ស ដើម្បីជួយដោះស្រាយបញ្ហាយុវវ័យ ។
ក្នុងអត្ថបទមួយរបស់វេជ្ជសាស្ត្រនូវែលសេឡង់បានឱ្យដឹងកាលពីថ្ងៃទី២០ ខែមករា ថា ការកាត់បន្ថយពេលរៀនសូត្រអាចជួយឱ្យយុវវ័យបានសម្រាកច្រើនឡើង ហើយវានឹងផ្តល់លទ្ធផលល្អដល់សុខភាព និងសុខុមាលភាពរបស់ពួកគេផងដែរ ។
អត្ថបទនេះសរសេរដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Otago សាកលវិទ្យាល័យ Massey និងស្ថាប័នការសិក្សាផ្សេងទៀត ដែលបញ្ជាក់ថា ក្មេងជំទង់ជាច្រើននៅប្រទេសនូវែលសេឡង់សម្រាកមិនគ្រប់គ្រាន់ ដោយសារការសិក្សាបង្ខំឱ្យពួកគេត្រូវក្រោកពីព្រលឹមពេក ។ បើយោងតាមជីវវិទ្យានៃការសម្រាកតាមធម្មជាតិ គឺជាធម្មតា ពេលចូលដល់វ័យជំទង់ ពេលវេលាសម្រាកនឹងយប់ជ្រៅបន្តិច មានន័យថា ពួកគេចាំបាច់ត្រូវភ្ញាក់ពីគេងយឺតជាងពេលមុន ហើយនឹងគ្មានការផ្លាស់ប្តូររហូតដល់អាយុប្រមាណ២១ឆ្នាំ ។
បើគេផ្លាស់ប្តូរពេលចូលរៀនឱ្យយឺតជាងមុន ដូចជា ចូលរៀនក្រោយម៉ោង៩និង៤៥នាទីព្រឹកសម្រាប់សិស្សអនុវិទ្យាល័យឡើងទៅ វានឹងទាក់ទាញចិត្តសិស្ស និងគ្មានផលអវិជ្ជមានសម្រាប់ការដោះស្រាយបញ្ហាសម្រាករបស់ពួកគេ ។
ក្រៅពីនេះ អត្ថបទនេះអធិប្បាយបន្ថែមថា ការសម្រាកបានគ្រប់គ្រាន់ គឺល្អសម្រាប់សុខភាពរបស់ក្មេងជំទង់ និងផ្នែកជាច្រើនទៀត ។ លើសពីនេះ ធ្វើឱ្យការរៀនសូត្រពួកគេទទួលបានលទ្ធផលល្អ ស្របគ្នានឹងការស្ទង់មតិទាំងក្នុងប្រទេស និងក្រៅប្រទេស ក៏បានយល់ឃើញដូចគ្នាដែរ ។
ទោះយ៉ាងណា អ្នកស្រាវជ្រាវឱ្យដឹងថា ការចូលរៀនយឺតជាងមុនរបស់សិស្សអនុវិទ្យាល័យ នឹងប៉ះពាល់ដល់មនុស្ស និងស្ថាប័នជាច្រើន ។ ដូច្នេះ ពួកគេចាំបាច់ត្រូវស្តាប់មតិយោបល់របស់អ្នកពាក់ព័ន្ធដោយផ្ទាល់ថា អ្វីអាចជួយបាន ឬឧបសគ្គដល់សាលារៀនក្នុងការពិចារណាផ្លាស់ប្តូរពេលចាប់ផ្តើមចូលរៀនឱ្យយឺតជាងមុន ៕
ប្រភព ៖ Topnews