លិខិតឆ្លងដែន ឬ Passport គឺជាលិខិតស្នាមសំខាន់បំផុតមួយ ដែលអាចឱ្យអ្នកធ្វើដំណើរទៅកាន់ប្រទេសដទៃបាន។ លោកអ្នកប្រហែលធ្លាប់បានកត់ចំណាំខ្លះអំពីពណ៌ ខណៈរង់ចាំពិនិត្យលិខិតឆ្លងដែន ដែលមានចំនួនពណ៌ពីរបីប៉ុណ្ណោះ។
ជាទូទៅលិខិតឆ្លងដែននៅទូទាំងពិភពលោកមានតែពណ៌ក្រហម បៃតង ខៀវ និងខ្មៅប៉ុណ្ណោះ ដែលជាពណ៌សំខាន់ជាងគេ។ ប៉ុន្តែពណ៌ទាំង ៤នេះត្រូវបានបំបែកទៅជាពណ៌ស្រាល ឬដិតបន្តទៀត។
ដំណើរការជ្រើសរើសពណ៌
ការជ្រើសរើសមានវិធីជាច្រើនទៅតាមប្រទេស ដូចជាបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុបប្រើប្រាស់លិខិតឆ្លងដែនពណ៌ឈាមជ្រូក ដែលគេយល់ថាភាគច្រើនមកពីប្រទេសទាំងនោះធ្លាប់មានប្រវត្តិជាប្រទេសកុម្មុយនិស្តកាលពីអតីតកាល។ ឯពណ៌លិខិតឆ្លងដែនពណ៌ខៀវជាទូទៅជានិមិត្តរូបប្រទេសទើបកើត ដូចជាអាមេរិកខាងជើង អាមេរិកខាងត្បូង និង Oceania ជាដើម។
ចំណែកប្រទេសប្រកាន់ជំនឿខ្លាំង ភាគច្រើនសាសនាឥស្លាម ប្រើលិខិតឆ្លងដែនពណ៌បៃតង ដោយសារជាពណ៌សំខាន់សម្រាប់សាសនាពួកគេ។ ពណ៌បៃតង ក៏ជាពណ៌សំណព្វចិត្តរបស់ព្រះ Prophet Muhammad ជានិមិត្តរូបនៃជីវិត និងធម្មជាតិ។ ប្រទេសឥស្លាមប្រើពណ៌នេះ ភាគច្រើននៅមជ្ឈិមបូព៌ា។
ចំណែកប្រទេសផ្សេងទៀត ជ្រើសរើសពណ៌ដើម្បីឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងអត្តចរិតជាតិសាសន៍ខ្លួន ដូចជាប្រទេសស្វីសប្រើក្រហមឆើត។ ឯសហរដ្ឋអាមេរិក ត្រូវគេកត់សម្គាល់ថា បានដូរពណ៌លិខិតឆ្លងដែនជាច្រើនដង ដូចជាក្រហម បៃតង និងឥឡូវខៀវ។
បើនិយាយពីការរចនារូបរាងតាមប្រទេសនីមួយៗវិញ គេមិនបានឃើញមានការផ្លាស់ប្ដូរច្រើនឡើយ នៅប៉ុន្មានទសវត្សចុងក្រោយនេះ៕
		
	









