ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (GISTDA) នៅថ្ងៃព្រហស្បតិ៍ទី០៣ខែវិច្ឆិកានេះ បានចេញសេចក្តីជូនដំណឹងដល់ខេត្តមួយចំនួន ក្នុងប្រទេសថៃ ឱ្យប្រុងប្រយ័ត្នចំពោះបំណែកគ្រាប់រ៉ុកកែត ដែលនឹងធ្លាក់ពីលើមេឃនៅថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកានេះ។

អ្នកស្រាវជ្រាវជនជាតិថៃ និងជាអ្នកឯកទេសខាងមេកានិចគន្លង មកពី GISTDA លោក Sittporn Chamnarnsin បានរាយការណ៍ថា រ៉ុកកែតចិនឈ្មោះ Longmarch 5B-4Y ត្រូវបានគេគិតទុកថា នឹងធ្លាក់ពីលើមេឃនៅថ្ងៃសៅរ៍នេះ។

បច្ចុប្បន្ន រ៉ុកកែតកំពុងស្ថិតនៅក្នុងបរិយាកាសផែនដី ដែលមានចម្ងាយប្រហែល ១៧៧ គីឡូម៉ែត្រពីដី។ រ៉ុកកែតនេះមានទម្ងន់ ២១.៦តោន ប៉ុន្តែអ្នកជំនាញមិនរំពឹងថា រ៉ុកកែតទាំងមូលនឹងធ្លាក់លើប្រទេសថៃនោះទេ ព្រោះភាគច្រើន វានឹងរលាយ និងឆេះនៅក្នុងបរិយាកាស។

អ្នកជំនាញនិយាយថា រ៉ុកកែតនេះ បានធ្វើដំណើរឆ្លងកាត់ប្រទេសថៃចន្លោះម៉ោង ១:៥៤នាទី ដល់ ១:៥៦នាទី រំលងអធ្រាត្រ ដោយឆ្លងកាត់ខេត្ត Chiang Rai, Chiang Mai, Payao, Nan Nong Khai, Udon Thani, Kalasin, Roi Et, Yasothorn, Amnat Charoen និង Ubon Ratchathani។

រ៉ុកកែត ត្រូវបានគេរំពឹងថា នឹងធ្លាក់ចូលទៅក្នុងមហាសមុទ្រ ប៉ុន្តែទិសដៅរបស់វាអាចផ្លាស់ប្តូរ អាស្រ័យលើលក្ខខណ្ឌមួយចំនួនដូចជាអាកាសធាតុជាដើម។ ដូច្នេះ GISTDA សូម​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តដូចរៀបរាប់ខាងលើ ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​វត្ថុដែល​ធ្លាក់​ពីលើ​មេឃ​៕image

ប្រភព៖ The Thaiger