ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (GISTDA) នៅថ្ងៃព្រហស្បតិ៍ទី០៣ខែវិច្ឆិកានេះ បានចេញសេចក្តីជូនដំណឹងដល់ខេត្តមួយចំនួន ក្នុងប្រទេសថៃ ឱ្យប្រុងប្រយ័ត្នចំពោះបំណែកគ្រាប់រ៉ុកកែត ដែលនឹងធ្លាក់ពីលើមេឃនៅថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកានេះ។
អ្នកស្រាវជ្រាវជនជាតិថៃ និងជាអ្នកឯកទេសខាងមេកានិចគន្លង មកពី GISTDA លោក Sittporn Chamnarnsin បានរាយការណ៍ថា រ៉ុកកែតចិនឈ្មោះ Longmarch 5B-4Y ត្រូវបានគេគិតទុកថា នឹងធ្លាក់ពីលើមេឃនៅថ្ងៃសៅរ៍នេះ។
បច្ចុប្បន្ន រ៉ុកកែតកំពុងស្ថិតនៅក្នុងបរិយាកាសផែនដី ដែលមានចម្ងាយប្រហែល ១៧៧ គីឡូម៉ែត្រពីដី។ រ៉ុកកែតនេះមានទម្ងន់ ២១.៦តោន ប៉ុន្តែអ្នកជំនាញមិនរំពឹងថា រ៉ុកកែតទាំងមូលនឹងធ្លាក់លើប្រទេសថៃនោះទេ ព្រោះភាគច្រើន វានឹងរលាយ និងឆេះនៅក្នុងបរិយាកាស។
អ្នកជំនាញនិយាយថា រ៉ុកកែតនេះ បានធ្វើដំណើរឆ្លងកាត់ប្រទេសថៃចន្លោះម៉ោង ១:៥៤នាទី ដល់ ១:៥៦នាទី រំលងអធ្រាត្រ ដោយឆ្លងកាត់ខេត្ត Chiang Rai, Chiang Mai, Payao, Nan Nong Khai, Udon Thani, Kalasin, Roi Et, Yasothorn, Amnat Charoen និង Ubon Ratchathani។
រ៉ុកកែត ត្រូវបានគេរំពឹងថា នឹងធ្លាក់ចូលទៅក្នុងមហាសមុទ្រ ប៉ុន្តែទិសដៅរបស់វាអាចផ្លាស់ប្តូរ អាស្រ័យលើលក្ខខណ្ឌមួយចំនួនដូចជាអាកាសធាតុជាដើម។ ដូច្នេះ GISTDA សូមដាស់តឿនដល់ប្រជាពលរដ្ឋក្នុងខេត្តដូចរៀបរាប់ខាងលើ ឲ្យមានការប្រុងប្រយ័ត្នចំពោះវត្ថុដែលធ្លាក់ពីលើមេឃ៕
ប្រភព៖ The Thaiger










