រាជធានីភ្នំពេញ ៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា ប្រជាពលរដ្ឋប្រមាណ១ពាន់នាក់ ធ្វើបាតុកម្មទម្លាក់ព្រះតេជគុណ សេង ថង ព្រះចៅអធិការវត្តគោកបញ្ជាន់ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ មិនឯកភាពតាមក្រុមបាតុករនោះទេ ព្រោះការរៀបចំទុកជាមុន ដើម្បីយកដីវត្ត ។
លោក ហែម ដារិទ្ធ បានអះអាងថា កម្លាំងសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរកឃើញថាអ្នកតវ៉ានេះ មិនមែនជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះឡើយ ពោលគឺជាក្រុមដែលរៀបចំឡើង ដើម្បីផលប្រយោជន៏ រឿងដីធ្លីតែប៉ុណ្ណោះ ។
លោក ហែម ដារិទ្ធ បានបញ្ជាក់ថា លោកបានសុំគោលការណ៏ទៅអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដើម្បីសុំការការពារ និងរៀបចំសណ្តាប់ធ្នាប់ បើមានករណីក្រុមតវ៉ា មិនច្បាស់លាស់នេះ ត្រឡប់មកតវ៉ាម្តងទៀតនៅក្នុងវត្ត គោកបញ្ជាន់ ។
យោងតាមប្រភពព័ត៌មានបានបញ្ជាក់ថា ព្រះតេជគុណ សេង ថង ព្រះចៅអធិការវត្តគោកបញ្ជាន់ បានទទូចបិណ្ឌបាតដល់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជួយពិនិត្យលើយោធាថ្នាក់ឧត្តមសេនីយ៍២នាក់ និងបក្ខពួក គឺទី១៖ លោក ហង្ស ប៊ុនណា និងទី២៖ លោក ហង្ស ប៊ុនឡេង និងកូនប្រុសរបស់គាត់ម្នាក់ទៀតឈ្មោះ សំអាត វាសនា ដែលជាមន្ត្រីយោធា នៅក្រសួងការពារជាតិ ដែលតែងដឹកនាំបាតុកម្មទម្លាក់ព្រះអង្គ ទាំងគ្មានកំហុសសោះ ។
ទោះជាយ៉ាងណារហូតមកដល់រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ អ្នកសារព័ត៌មានយើងមិនទាន់ទទួលបានការបកស្រាយពីក្រុមមន្ត្រីយោធាខាងលើនៅឡើយទេ ។
សូមបញ្ជាក់ថា ចៅអធិការវត្តគោកបញ្ជាន់ ៖ ឧត្តមសេនីយ៍យោធា២រូប និងគូកន ចង់បានដីវត្តជាង៣ហិចតាកាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ មានបាតុករមួយក្រុមដឹកនាំដោយឈ្មោះ ហង្ស ប៊ុនឡេង និងកូនប្រុស ឈ្មោះ សំអាត វាសនា និងឈ្មោះ ពុំ ផល្លី បានសម្រុកចូលទៅក្នុងវត្តគោកបញ្ជាន់ ស្ថិតនៅក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយនាំគ្នាទាមទារឱ្យដកព្រះអង្គចេញពីចៅអធិការវត្ត ព្រមទាំងបណ្ដេញព្រះអង្គចេញពីវត្ត ហើយដែលអ្នកចូលរួមធ្វើបាតុកម្មនោះ ពុំមែនជាពុទ្ធបរិស័ទចំណុះជើងវត្តនោះឡើយ។
ពួកគេភាគច្រើន គឺជាកម្មករ កម្មការិនីរោងចក្រ ដែលឈប់សម្រាកពីការងារនៅថ្ងៃអាទិត្យ ហើយត្រូវបានមេខ្លោងខាងលើជួលក្នុងម្នាក់១០ដុល្លារ និងខ្លះទៀតប្រាប់ថា ទៅបើកអំណោយនៅក្នុងវត្ត។ ប៉ុន្តែផ្ទុយទៅវិញ បែរជាធ្វើបាតុកម្មប្រឆាំងព្រះសង្ឃ ហើយក្រោយមកអ្នកទាំងនោះ មានការខកចិត្ត និងក្តៅក្រហាយគ្រប់គ្នា ព្រោះតែមេខ្លោងបោកប្រាស់ អត់ឱ្យលុយ១០ដុល្លារ ដែលបានសន្យាឡើយ ។
ពួកគេ បានចោទព្រះចៅអធិការវត្តថា បានលក់ដីវត្តទំហំ ៧ម៉ែត្រ គុណ១៥០ម៉ែត្រទៅឱ្យឈ្មួញ ប៉ុន្តែព្រះអង្គពុំបានដឹងឡើយ ព្រោះបើតាមប្លង់ ដែលបានធ្វើនៅក្នុងឆ្នាំ២០០៥ ដីនោះគឺស្ថិតនៅក្រៅដីវត្តទេ ហើយកាលណោះអាជ្ញាធរសង្កាត់ ដែលមានលោក សុទ្ធ សាធ ជាចៅសង្កាត់ បានកាត់យកធ្វើជាផ្លូវ ឬលក់ដូរ ក៏ព្រះអង្គមិនបានដឹងដែរ ព្រោះជាដីក្រៅប្លង់វត្ត ។
ចំណែករឿងអធិករណ៍វត្ត បានផ្ទុះឡើងនៅក្នុងឆ្នាំ២០១៦ ដែលកាលនោះមានមេក្លោង៤នាក់ បានដឹកនាំបាតុកម្មទម្លាក់ព្រះអង្គ គឺទី១៖ ឧត្តមសេនីយ៍ឯក ហង្ស ប៊ុនណា, ទី២៖ ឧត្តមសេនីយ៍ត្រី ហង្ស ប៊ុនឡេង, ទី៣៖ ឈ្មោះ ពុំ ផល្លី និងទី៤៖ ឈ្មោះ ឃី ជឺ។ អ្នកទាំងនោះ ចង់លេបយកដីវត្ត (ជនមិនស្គាល់មុខ ប្រើកូនចៅទៅបោះបង្គោលរបងព័ទ្ធយកដីវត្តគោកបញ្ជាន់ មានទំហំជិត៤ហិកតា មានតម្លៃខ្ទង់ជិត២០លាន )តែមិនបានសម្រេច បែរជាមកប្ដឹងចោទប្រកាន់ព្រះអង្គ ជាអ្នកលួចលក់ដីវត្ត ដីស្រះព្រះទន្លេ ទំហំជាង៣ហិចតាទៅវិញ។ ប៉ុន្តែក្រោយមកអាជ្ញាធរពាក់ព័ន្ធ បានធ្វើការស្រាវជ្រាវរកមិនឃើញកំហុស ទើបដោះស្រាយបញ្ចប់រឿងអធិករណ៍តាំងពីពេលនោះមកហើយ។ ប៉ុន្តែក្រុមនេះនៅតែមិនព្រមបញ្ឈប់សកម្មភាពរបស់ខ្លួនឡើយ នៅតែបន្តរករឿងព្រះអង្គ ឥតឈប់រហូតដល់ពេលនេះ បានដឹកនាំធ្វើបាតុកម្មទម្លាក់ព្រះអង្គបែបនេះទៀត ៕