រាជធានី​ភ្នំពេញ ៖ ផ្ទុះ​រឿង​អធិករណ៍​ជា​ថ្មី​ទៀត នៅ​វត្ត​គោក​បញ្ជាន់ ដែល​រឿង​ដដែល​នេះ​ធ្លាប់​បាន​កើត​ឡើងជា​បន្តបន្ទាប់ រយៈពេល​៣​ឆ្នាំ​មក​ហើយ​ៗ​ក្រសួង​ធម្មការ ក៏​ធ្លាប់​ធ្វើការ​ដោះស្រាយ​បញ្ចប់​ផង​ដែរ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ ២០១៩ មាន​ប្រជាពលរដ្ឋ​ប្រមាណ​១​ពាន់​នាក់​បាន​លើកគ្នា ដោយ​មាន​កាន់​បដា​ព្រោងព្រាត នាំ​គ្នា​ស្រែក​ទាមទារ​សុំ​ឲ្យ​មានការ​ដក​តំណែង​ព្រះ​ចៅអធិការ​វត្ត និង​បណ្ដេញ​ចេញពី​វត្ត​ជា​បន្ទាន់ ។

សូម​បញ្ជាក់​ថា វត្ត​គោក​បញ្ជាន់ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ហើយក្រុម​អ្នក​តវ៉ា​ប្រាប់​ថា ពួក​គាត់ គឺជា​អ្នក​រស់នៅ​ភូមិ​ចោម​ចៅ​ទី​១ ទី​២ និង​ទី​៣ ក្នុង​សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ការ​ប្រមូលផ្ដុំ​គ្នា នា​ពេល​នេះ គឺ​ទាមទារ ៖

ទី​១- សុំ​ឲ្យ​មានការ​ដក​បញ្ចប់​តំណែង​ភិក្ខុ សង ថង ចេញពី​ចៅអធិការ​វត្ត​គោក​បញ្ជាន់ ។
ទី​២- ក្រោយ​ពេល​ដក​តំណែង​រួច​សុំ​ឲ្យ​ភិក្ខុ​សង ថង និមន្ត​ចេញពី​វត្ត​គោក​បញ្ជាន់​ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ ។
ទី​៣- សុំ​ទាមទារ​ដី​ទំហំ​៧​ម៉ែត្រ គុណ​នឹង​១៥០​ម៉ែត្រ ដែល​ភិក្ខុ​សេង ថង លក់​ឲ្យ​ឈ្មួញ​ក្នុង​ពេល​កន្លង​មក​យក​មក​ទុកជា​សម្បត្តិ​គរុភណ្ឌ​វត្ត​វិញ ។
ទី​៤- សុំ​ឲ្យ​មានការ​រៀបចំ​តែងតាំង​ព្រះ​ចៅអធិការ​ថ្មី ដើម្បី​គ្រប់គ្រង​ដឹកនាំ​វត្ត​គោក​បញ្ជាន់​នេះ​បន្ត​ទៀត ព្រោះ​ភិក្ខុ​សេង ថង អសមត្ថភាព​មិន​អាច​គ្រប់គ្រង​ដឹកនាំ​វត្ត​គោក​បញ្ជាន់​ឡើង​វិញ​បាន​ឡើយ ។
ទី​៥- សុំ​ឲ្យ​មានការ​រៀបចំ​បោះ​ឆ្នោត​ជ្រើសរើស​អាចារ្យ​គណៈកម្មការ​វត្ត​គោក​បញ្ជាន់​សា​ជា​ថ្មី​ឡើង​វិញ ។
និង​ទី​៦- សុំ​ឲ្យ​មានការ​ដក​តំណែង​ភិក្ខុ សេង ថង ចេញពី​ធម្មធរ​អនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ខណៈ​ដែល​ក្រុម​អ្នក​តវ៉ា បាន​ធ្វើការ​ចោទប្រកាន់​ទៅ​លើ​ចៅអធិការ​អង្គ​វត្តថា ប្រព្រឹត្ត​ផ្ទុយ​ពី​ករណីយកិច្ច និង​ពុទ្ធ​វិន័យ បាន​កាត់​ដី​វត្ត​ខាងលើ លក់​ទៅ​ឲ្យ​ឈ្មួញ​ដោយ​ស្ងាត់​ៗ ក្នុង​ពេល​កន្លង​មក​នោះ ចៅអធិការ​វត្ត​គោក​បញ្ជាន់ មិន​បាន​ចេញ​មក​តទល់​ឡើយ ប៉ុន្តែ​កន្លង​មក ព្រះ​អង្គ​ធ្លាប់​បាន​បដិសេធ​ជា​បន្តបន្ទាប់​ថា ព្រះ​អង្គ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​អ្នក​តវ៉ា​នោះ​ទេ ។

ដោយឡែក ប្រជាពលរដ្ឋ ដែល​នៅ​ខាង​ព្រះ​ចៅអធិការ ពួក​គាត់​និយាយ​ថា ព្រះ​គ្រូ​ចៅអធិការ សេង ថង មិន​មាន​កំហុស​អ្វី​ដល់​ថ្នាក់​ត្រូវ​ដក​ចេញ ឬ​បណ្ដេញ​ចេញពី​វត្ត​នោះ​ឡើយ ព្រះ​អង្គជា​អ្នក​កសាង​ទី​វត្ត​អារាម​មានការ​រីក​ចម្រើន​ខ្លាំង​ណាស់ ហើយ​កន្លង​មក​មាន​អ្នកមាន​អំណាច​នានា បម្រុង​លេប​យក​ដី​វត្ត​ហៅ​ថា ដី​ព្រះ​ទន្លេ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ត្រូវ​បាន​ព្រះ​អង្គ​ការពារ​ដី​យ៉ាង​ដាច់ខាត ទើប​គង់វង្ស​រហូត​មក​ដល់​សព្វថ្ងៃ ដូច្នេះ​ព្រះ​អង្គ​ពុំ​មែន​អាក្រក់​ដូច​ជា​ការ​ចោទប្រកាន់​ខាងលើ​នេះ​ទេ ។

ទោះជា​យ៉ាងណា អាជ្ញាធរ​និង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សង្កាត់​ចោម​ចៅ​ទី​២ បាន​ដាក់​កម្លាំង​ការពារ​សុវត្ថិភាព ខ្លាចក្រែង​មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង ព្រមទាំង​សម្របសម្រួល​ឲ្យ​មានការ​ស្ងប់ស្ងាត់ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ ២០១៩ ប្រជាពលរដ្ឋ​ក៏​បាន​រំសាយ​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ។

រឿងកន្លងមក រកមុខអ្នកបញ្ជាអោយគេបោះបង្គោល រំលោភយកដីវត្តគោកបញ្ជាន់ ដែលមានតម្លៃជិត២០លានដុល្លារ ព័ត៌មាន Fresh News បានចុះផ្សាយ ។

ដោយឡែក​បើ​តាម​សារព័ត៌មាន Fresh News បាន​ដកស្រង់ សង្ឃដីកា​របស់​ព្រះ​តេជគុណ សេង ថង ព្រះ​ចៅអធិការ​វត្ត​គោក​បញ្ជាន់ អោយ​ដឹង​ថា ព្រះ​អង្គ បាន​បិណ្ឌបាត​ដល់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ឲ្យ​ជួយ​ពិនិត្យ​លើ​យោធា​ថ្នាក់ឧត្តម​សេនីយ៍​២​រូប និង​បក្ខពួក រួម​ទាំង​កូនប្រុស​របស់​គាត់​ម្នាក់​ទៀត ដែល​តែង​ដឹកនាំ​បាតុកម្ម​ទម្លាក់​ព្រះ​អង្គ ទាំង​គ្មាន​កំហុស​សោះ តាម​រករឿង​ឈ្នានីស​បង្កាច់បង្ខូច​ព្រះ​កិត្តិនាម​ព្រះ​អង្គ និង​គណៈកម្មការ​អាចារ្យ​ជា​ច្រើន​ឆ្នាំ​មក​ហើយ តាម​រយៈ​ការ​ធ្វើ​បាតុកម្ម​នេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ ។

ព្រះ​ចៅអធិការ មាន​សង្ឃដីកា​បន្ត​ថា រឿងហេតុ​នេះ ផ្ដើម​ចេញពី​រឿង​ចង់បាន​ដីធ្លី​របស់​វត្ត ដែល​ឧត្តមសេនីយ៍​ទាំង​២​នាក់ គឺ​ទី​១​លោក ហង្ស ប៊ុ​ន​ណា និង​ទី​២​លោក ហង្ស ប៊ុ​ន​ឡេ​ង និង​កូនប្រុស​របស់​គាត់​ម្នាក់​ទៀត​ឈ្មោះ សំអាត វាសនា ដែល​ជា​មន្ត្រី​យោធា នៅ​ក្រសួងការពារជាតិ រួមនឹង​គូកន​មួយ​ចំនួន​ទៀត ។

ព្រះ​ចៅអធិការ មាន​សង្ឃដីកា ទៀត​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ធ្នូ ម្សិលមិញ​នេះ មាន​បាតុករ​មួយ​ក្រុម​ដឹកនាំ ដោយ​ឈ្មោះ ហង្ស ប៊ុ​ន​ឡេ​ង និង​កូនប្រុស ឈ្មោះ សំអាត វាសនា និង​ឈ្មោះ ពុំ ផ​ល្លី បាន​សម្រុកចូល​ទៅ​ក្នុង​វត្ត​គោក​បញ្ជាន់ ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​នាំ​គ្នា ទាមទារ​ឲ្យ​ដក​ព្រះ​អង្គ​ចេញពី ចៅអធិការ​វត្ត ព្រមទាំង​បណ្ដេញ​ព្រះ​អង្គ​ចេញពី​វត្ត ហើយ​ដែល​អ្នកចូលរួម​ធ្វើ​បាតុកម្ម​នោះ ពុំ​មែន​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​នោះ​ឡើយ ។

ពួក​គេ​អ្នក​តវ៉ា​ភាគច្រើន គឺជា​កម្មករ កម្មការិនី​រោងចក្រ ដែល​ឈប់​សម្រាក​ពី​ការងារ​នៅ​ថ្ងៃអាទិត្យ ហើយ​ត្រូវ​បាន​មេខ្លោង​ខាងលើ ជួល​ក្នុង​ម្នាក់​១០​ដុល្លារ និង​ខ្លះ​ទៀត ប្រាប់​ថា ទៅ​បើក​អំណោយ​នៅ​ក្នុង​វត្ត ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បែរជា​ធ្វើ​បាតុកម្ម​ប្រឆាំង​ព្រះសង្ឃ ហើយ​ក្រោយមក​អ្នក​ទាំង​ខកចិត្ត និង​ក្រហាយ​គ្រប់​គ្នា ព្រោះតែ​មេខ្លោង​បោកប្រាស់​អត់​ឲ្យ​លុយ​១០​ដុល្លារ ដែល​បាន​សន្យា​ឡើយ ។

ព្រះ​ចៅអធិការ​អង្គ បានអោយ​ដឹង​បន្ថែម​ថា ពួក​គេ​បាន​ចោទ​ព្រះ​អង្គ​ថា បាន​លក់​ដី​វត្ត​ទំហំ​៧​ម៉ែត្រ គុណ​១៥០​ម៉ែត្រ ទៅ​ឲ្យ​ឈ្មួញ ប៉ុន្តែ​ព្រះ​អង្គ​ពុំ​បានដឹង​ឡើយ ព្រោះ​បើ​តាម​ប្លង់​វត្ត ដែល​បាន​ធ្វើ​នៅ​ក្នុង​ឆ្នាំ​២០០៥ ដី​នោះ គឺ​ស្ថិត​នៅ​ក្រៅ​ដី​វត្ត​ទេ ហើយ​កាលនោះ អាជ្ញាធរ​សង្កាត់ ដែល​មាន​លោក សុទ្ធ សាធ ជា​ចៅសង្កាត់ បាន​កាត់​យក​ធ្វើ​ជា​ផ្លូវ ឬ​លក់ដូរ ក៏​ព្រះ​អង្គ​មិន​បានដឹង​ដែរ ព្រោះ​ជា​ដី​ក្រៅ​ប្លង់​វត្ត​។

ចំណែក​រឿង​អធិករណ៍​វត្ត បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៦ ដែល​កាលនោះ មាន​មេ​ក្លោ​ង​៤​នាក់ បាន​ដឹកនាំ​បាតុកម្ម​ទម្លាក់​ព្រះ​អង្គ គឺ​ទី​១ លោក​ឧត្តមសេនីយ៍ឯក ហង្ស ប៊ុ​ន​ណា​, ទី​២ លោក​ឧត្តមសេនីយ៍ត្រី ហង្ស ប៊ុ​ន​ឡេ​ង​, ទី​៣ ឈ្មោះ ពុំ ផ​ល្លី និង​ទី​៤ ឈ្មោះ ឃី ជឺ ។ អ្នក​ទាំងនោះ ចង់​លេប​យក​ដី​វត្ត តែ​មិន​បាន​សម្រេច បែរជា​មក​ប្ដឹង​ចោទប្រកាន់​ព្រះ​អង្គ ជា​អ្នក​លួច​លក់​ដី​វត្ត ឈ្មោះ​ដី​ស្រះ​ព្រះ​ទន្លេ ទំហំ​ជាង​៣​ហិច​តា​ទៅ​វិញ ប៉ុន្តែ​ក្រោយមក​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ធ្វើការ​ស្រាវជ្រាវ រក​មិនឃើញ​កំហុស ទើប​ដោះស្រាយ​បញ្ចប់រឿង​អធិករណ៍ តាំងពី​ពេល​នោះ​មក​ហើយ ។ ប៉ុន្តែ​ក្រុម​នេះ នៅ​តែ​មិន​ព្រម​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ឡើយ នៅ​តែ​បន្ត​រករឿង​ព្រះ​អង្គ ឥត​ឈប់ រហូត​ដល់​ពេល​នេះ បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​ទម្លាក់​ព្រះ​អង្គ​បែប​នេះ​ទៀត ។

ព្រះ​អង្គ បាន​បញ្ជាក់​ថា សូម​ពុទ្ធបរិស័ទ​ទាំងឡាយ កុំ​យល់​ច្រឡំ​ទៅ​លើ​ព័ត៌មាន​មិន​ពិត​មួលបង្កាច់​បង្ខូច​ព្រះ​កិត្ត​យស​របស់​ព្រះ​អង្គ និង​នាំ​ឲ្យ​ខូច​តម្លៃ​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ ហើយ​ព្រះសង្ឃ និង​ទី​វត្ត​អារាម​ជា​កន្លែង​ធ្វើបុណ្យ​ទាន​ផ្សេង​ៗ តែ​បែរជា​មន្ត្រី​យោធា​ខាងលើ​ដឹកនាំ​បាតុកម្ម​អុកឡុក ជា​បន្តបន្ទាប់​បែប​នេះ​ទៅ​វិញ ។

យ៉ាងណា ព្រះ​អង្គ មាន​ព្រះ​សូម​ទទូច​ដល់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ជួយ​ពិនិត្យ​មើល​លើ​ឧត្តមសេនីយ៍​យោធា និង​កូនប្រុស​ម្នាក់​ទៀត ដែល​ជា​មន្ត្រី​យោធា នៅ​ក្រសួងការពារជាតិ ហើយ​តែង​បាន​ដឹកនាំ​បាតុកម្ម​ទម្លាក់​ព្រះ​អង្គ ទាំង​គ្មាន​កំហុស​បែប​នេះ ។

រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ អ្នក​សារព័ត៌មាន មិន​ទាន់​ទទួល​បានការ​បកស្រាយ​ពី​ក្រុម​មន្ត្រី​យោធា​ខាងលើ នៅឡើយ​ទេ ។ ទោះជាយ៉ាងនេះក្តី​រឿងមួយនេះ រង់ចាំ​ចំណាត់ការ​របស់​ក្រសួង​ធម្មការ ​និង​សាសនា ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ​ដោះសា្រយ​​ ៕