រាជធានីភ្នំពេញ ៖ លោក កែវ សុធា ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងរងធានីភ្នំពេញ និងជាតំណាងអយ្យការកាន់សំណុំរឿងនេះ បានសម្រេចដោះលែងបុរសជាជនសង្ស័យម្នាក់ដែលពាក់ព័ន្ធករណីឆបោកលុយ របស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ជាង៧ម៉ឺនដុល្លារ ។
បើយោងតាមប្រភពពីមន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយសារជនរងគ្រោះដកពាក្យបណ្ដឹងវិញ ។
សមត្ថកិច្ច ឲ្យដឹងថា ជនសង្ស័យឈ្មោះ កាយ ម៉េង អាយុ៤១ឆ្នាំ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
គួររម្លឹកថា ចាប់ខ្លួនបុរសម្នាក់ ឆបោកប្រាក់លោក ញឹក ប៊ុនឆៃ ជាង៧ម៉ឺនដុល្លារ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ A ស្ថិតក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្ដកំពង់ធំ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
សូមជម្រាបថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានដាក់ពាក្យបណ្តឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយប្ដឹងពីឈ្មោះ កាង ម៉េង និងបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធករណីខ្ចីលុយ តែព្យាយាមគេចវេសមិនព្រមសង ៕