រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចាប់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​លោក ញឹក ប៊ុ​ន​ឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ប្រមាណ​៧​ម៉ឺន​ដុល្លារ ។

ជនសង្ស័យ​ឈ្មោះ កាយ ម៉េ​ង អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ក្រុង​បា​វិត ត្រូវ​ចាប់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក កែវ សុធា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ម្សិលមិញ​នេះ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ស្ថិត​ក្នុងភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្ដកំពង់ធំ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា​នេះ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ។

យ៉ាងណា​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​អោយ​លម្អិត​នៅឡើយ​ទេ ប៉ុន្តែ​អោយ​ដឹង​ខ្លី​ថា ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​គឺ​លោក ញឹក ប៊ុ​ន​ឆៃ បាន​ដាក់​ពាក្យ​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កាលពី​ថ្ងៃ​ទី​០១ វិច្ឆិកា ២០១៩​កន្លង​ទៅ​នេះ​ដោយ​ប្ដឹង​ពី​ឈ្មោះ កាង ម៉េ​ង និង​បក្ខពួក​ម្នាក់​ទៀត ករណី​ខ្ចី​លុយ តែ​ព្យាយាម​គេចវេស​មិន​សង ៕