ខេត្តកំពង់ចាម៖​ បុរសម្នាក់កើតមានទំនាស់ជាមួយនឹងសាច់ញាតិរបស់ខ្លួន បែរជាហៅកូនបង្កើតឲ្យទៅព្រួតគ្នាវាយគូទំនាស់ ក៏ត្រូវសមត្ថ​កិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម។

មន្ត្រីនគរបាលស្រុកកំពង់សៀម បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើហិង្សា ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ទី១-​ឈ្មោះ ភិន ស៊ី​ម ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ​ និងទី២-​ឈ្មោះ ស៊ីម តាក់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ ហើយពួកគេ​ទាំងពីរ​នាក់​​ឪពុក ​និង​កូន។ រីឯជនរងគ្រោះ ឈ្មោះ ​ស៊ាន ឃ្លី អាយុ៤៧​ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ ​ឈ្មោះ ​សឿង ធី ​អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ។ ជនរងគ្រោះ និងជនបង្ក ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា និងរស់នៅក្នុង​ដំបូលផ្ទះ​ជាមួយគ្នា​ នៅ​ក្នុងភូមិ​កោះដាច់ ឃុំ​កោះ​មិត្ត ស្រុក​កំពង់​សៀម ខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវអំពើហិង្សានោះ ជនសង្ស័យ និងជនរងគ្រោះដែលត្រូវជាបងប្អូន​ជីដូនមួយនឹងគ្នា បានកើតមានទំនាស់នឹងគ្នា តែគេមិនបានដឹងថា ទំនាស់ពីរឿងអ្វីនោះទេ។ បន្ទាប់ពីកើតមានទំនាស់យ៉ាងតឹងសរសៃ​កដាក់គ្នាហើយ ជនសង្ស័យទាំង២នាក់បងប្អូនបានស្ទុះទៅទាញកំណាត់​ឧស​ ព្រួត​វាយ​ប្រហារទៅលើ​ជនរងគ្រោះ ​បណ្តាល​ឲ្យ​រងរបួស​បែកក្បាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យ នាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ ដោយឡែកជនរងគ្រោះក៏ត្រូវសាច់ញាតិដឹកទៅព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យ៕