ខេត្តកំពង់ឆ្នាំង៖ បុរសល្មោភកាមម្នាក់ ទើបនឹងចេញពីពន្ធនាគារ មិនព្រមកែខ្លួនឲ្យក្លាយជាមនុស្សល្អ បែរជាប្រើល្បិចដ៏លាមក ល្បូងស្ដី្រម្នាក់ឲ្យផឹកស្រា រហូតស្រវឹង ហើយចាប់រំលោភសេពសន្ថវៈ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

បើតាមសម្ដីរបស់ស្រ្ដីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គឺកាលពីរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យបានបបួលគាត់ផឹកស្រា តែដោយសារអាងថា ជាមនុស្សធ្លាប់ស្គាល់ និងរាប់អានគ្នាពីមុនមក ទើបគាត់ព្រមផឹក ដោយមានទាំងអ្នកភូមិផង។ បន្ទាប់​ពីផឹកស្រាស្រវឹងហើយ ជនសង្ស័យបានប្រើល្បិចល្បួងគាត់ឲ្យជិះម៉ូតូទៅយកលុយពីកូនរបស់គេ ដែលកំពុងរង់ចាំ នៅម្ដុំទួលក្រាំង។នៅពេលនោះ គាត់ក៏ព្រមទៅ ហើយបើកម៉ូតូដឹកជនសង្ស័យទៅកាន់ទួលទួលក្រាំង តែនៅពេលគាត់បើកម៉ូតូចេញដំណើរបានបន្តិច ស្រាប់តែជនសង័្សយប្រាប់គាត់ឲ្យបើកម៉ូតូទៅកាន់អាស្រមភ្នំយោងទៅវិញ។

ជនរងគ្រោះ បានបន្តថា ឮបែបនេះ គាត់កើតនូវការងឿងឆ្ងល់ ហើយសួរទៅជនសង្ស័យថា យ៉ាងម៉េចបានជាទៅភ្នំយោងអ៊ីចឹង? ភ្លាមៗនោះ ជនសង្ស័យបានប្រាប់គាត់ថា ទៅបត់ជើងសិន។ លុះទៅដល់ព្រៃស្ងាត់មួយកន្លែង ស្រាប់តែជនសង្ស័យប្រាប់ឲ្យឈប់ម៉ូតូ ហើយគាត់ប្រុងរត់ដែរ តែត្រូវជនសង្ស័យចាប់គាត់ជាប់ រួចអូសដៃចូលទៅក្នុងគុម្ពោតព្រៃ ចាប់គាត់រំលោភសេពសន្ថវៈ រហូតដល់បានសម្រេច ហើយឡើងជិះម៉ូតូគេចខ្លួនចោលគាត់បាត់។ ក្រោយពេលកើតហេតុ គាត់បានដើរត្រឡប់មកផ្ទះវិញ រួចក៏ប្រាប់បងប្អូន និងរត់ទៅដាក់ពាក្យបណ្ដឹង នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីសុំឲ្យសមត្ថកិច្ចជួយរកយុត្តិិធម៌ឲ្យគាត់។

មន្ត្រីនគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ហាក់ មាន អាយុ៥៨ឆ្នាំ។ ជននេះជាមុខសញ្ញាចោរលួច និងទើបចេញពីពន្ធនាគារបានរយៈ២-៣ខែប៉ុណ្ណោះ ហើយគេធ្លាប់ជាប់ពន្ធនាគារចំនួន៣ដងរួចមកហើយ។ ជននេះគ្មានលំនៅឋានពិតប្រាកដនោះទេ គឺស្នាក់នៅតាមចិញ្ចើមផ្លូវ នៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ រីឯស្ត្រីរងគ្រោះ ឈ្មោះ ក ល អាយុ៤២ឆ្នាំ មានលំនៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

មន្ត្រីនគរបាលដដែល បានបន្តថា​ ក្រោយពេលទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះភ្លាម សមត្ថកិច្ចបានចុះទៅស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាន នៅវេលាព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ រួចនាំទៅសាកសួរ នៅក្នុងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង។ ប៉ុន្តែជនសង្ស័យបានព្យាយាមប្រកែកថា ខ្លួនមិនបានចាប់រំលោភស្ត្រីរងគ្រោះរំលោភទេ តែស្ត្រីរងគ្រោះបានសុំលុយពីខ្លួនចំនួន៥ពាន់រៀល។ លុះពេលខ្លួនមិនព្រមឱ្យ បែរជាប្តឹងចោទប្រកាន់ខ្លួនថា ចាប់រំលោភទៅវិញ។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីប្រកែក និងបដិសេធមិនទទួលខុសត្រូវចំពោះអំពើរបស់ខ្លួនហើយ ជនសង្ស័យថែមទាំងគំរាមសមត្ថកិច្ចទៀតថា រូបគេគ្មានកំហុសអ្វីទេ ហើយប្រសិនបើសមត្ថកិច្ចមិនព្រមដោះលែងខ្លួនវិញទេ ខ្លួននឹងខាំអណ្តាតសម្លាប់ខ្លួន។ ទោះជា​ជនសង្ស័យមិនបានសារភាពក្ដី ក៏សមត្ថកិច្ចនៅតែបន្តចាត់ការជននេះតាមនីតិវិធីដែរ៕