កីឡាបរទេស៖ បន្ទាប់ពីបើកការប្រកួតដ៏ស្វិតស្វាញរយៈពេល៥១នាទីរួចមក ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិបារាំង​បានទម្លុះខ្សែការពារដ៏រឹងមាំរបស់ប៊ែលហ្ស៊ិក ដោយរកគ្រាប់បាល់បានមួយគ្រាប់ ធ្វើឲ្យបារាំងបន្តឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នៅក្នុងប្រទេសរុស្ស៊ី។

នៅក្នុងការប្រកួត នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅពុហកីឡដ្ឋាន St. Petersburg ប្រទេសរុស្ស៊ីនោះ លោក Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ក៏បានអញ្ជើញទៅលើកទឹកចិត្តដល់ក្រុមកីឡាករជម្រើសជាតិរបស់ខ្លួនផងដែរ ហើយវត្តមានរបស់លោកប្រធានាធិបតី នៅក្នុងការប្រកួតនោះ គឺរឹតតែធ្វើឲ្យកីឡាករបារាំងមានកម្លាំងចិត្តយ៉ាងខ្លាំង ក្នុងការប្រកួតជាមួយក្រុមជម្រើស​ជាតិប៊ែលហ្ស៊ិក។

នៅតង់ទីមួយ ថ្វីត្បិតតែក្រុមជម្រើសជាតិប៊ែលហ្ស៊ិកគ្រប់គ្រងបាល់បានច្រើន និងវាយលុកទៅខាងបារាំង។ រីឯបារាំងបានវាយបកសង្រ្គប់ទៅខាងប៊ែលហ្ស៊ិក ក្ដី ប៉ុន្តែកីឡាករទាំងពីរក្រុមនេះ ក៏នៅតែមិនអាច​រកគ្រាប់បានដដែល ហើយបញ្ចប់ការប្រកួត​នៅតង់ទីមួយ គឺលទ្ធផល ០-០ ។ ចូលមកដល់តង់ទី២ កីឡាករទាំង២ក្រុមបានវាយគ្នាទៅវិញទៅមក រហូតដល់នាទីទី៥១ ក្រុមជម្រើស ជាតិបារាំងមានឱកាសស៊ុតបាល់បញ្ចូលទីខាងប៊ែលហ្ស៊ិក ដោយកីឡាករ Samuel Umtiti ហើយនៅបញ្ចប់តង់ទី២នេះ គឺបារាំងឈ្នះប៊ែលហ្ស៊ិក ១-០ ៕