ការៀបអាពាហ៍ពិពាហ៍មួយ ដែលអាចចាត់ទុកជាត្រឹមត្រូវតាមលក្ខណៈផ្លូវច្បាប់បានមិនមែនត្រឹមតែរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីនោះទេ គឺទាមទារឱ្យបុរស និងនារី ដែលស្ម័គ្រចិត្តយកគ្នាជាប្ដីប្រពន្ធ ទៅចុះកិច្ចសន្យាអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានខាងលំនៅដ្ឋានរបស់នារី ដោយត្រូវបានចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍។

សំបុត្រចុះអាពាហ៍ពិពាហ៍ ឬ “អេតាស៊ីវិល” ជាលិខិតមួយប្រភេទដែលគូស្វាមីភរិយាក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយចាំបាច់ ត្រូវតែទៅសាលាឃុំ ឬសង្កាត់ ដើម្បីសុំចុះឈ្មោះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន។

សម្រាប់គូស្នេហ៍ដែលរៀបការរួច ហើយបានចុះអេតាសុីវិល នឹងទទួលបានផលប្រយោជន៍ដូចជា៖

ទ្រព្យសម្បត្តិរួមក្រោយអាពាហ៍ពិពាហ៍ត្រូវចែកគ្នាស្នើនៅពេលលែងលះ
ទទួលមរតកស្របច្បាប់
ការពារប្រឆាំងនឹងទ្វេពន្ធភាព (ការពារប្រឆាំងការមានប្ដីច្រើន ឬមានប្រពន្ធច្រើន)
ចុះសំបុត្រកំណើត ឬបញ្ជាក់សំបុត្រកំណើតកូន
ធ្វើប្លង់ដី ឬផ្ទះ
ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ
ទទួលអាហារកិច្ចពេលឪពុក ម្ដាយ លែងលះគ្នា
គ្មានអំពើហិង្សាចំពោះកូន៕