នៅថ្ងៃទី​០៥​ ខែកក្កដា​ ឆ្នាំ២០១៨​ ក្រុមហ៊ុនសាមសុង បានធ្វើការប្រគល់ថវិកា ជូនដល់មន្ទីពេទ្យគន្ធបុប្ផា ពីកម្មវិធី “Slow-mo Challenge” របស់Galaxy S9|S9+ ដើម្បីចូលរួចចំណែក ជួយដល់កុមារកម្ពុជា ដែលទទួលការព្យាបាលពីមន្ទីពេទ្យនេះ។

ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីផ្តល់ឱកាស ដល់អតិថិជនសាមសុងទាំងអស់ ក្នុងការចូលរួមចំណែក ផ្តល់វិភាគទានជូនដល់សង្គម និងបង្ហាញពីសម្ថតភាពដ៏អស្ចារ្យ របស់កំពូលទូរស័ព្ទស្មាតហ្វូនគឺ Samsung Galaxy S9|S9+ ។​លើសពីនេះទៅទៀត អតិថិជនដែលស្រឡាញ់ពេញចិត្ត នឹងផលិតផលសាមសុង មិនត្រឹមតែបានរីករាយជាមួយនឹងមុខងារ របស់ទូរស័ព្ទប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏បង្កើតបាន នូវអនុស្សាវរីយ៍ល្អៗជាមួយមិត្តភក្តិ ហើយជាមួយគ្នានោះដែរ ពួកគាត់ក៏បានចូលរួម ជួយដល់កុមារៗ នៅមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ 

កម្មវិធីនេះត្រូវបានប្រកាស ឲ្យចាប់ផ្ដើមកាលពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះហើយ ទទូលបានការចូលរួមចំនួន​ 110 វីដេអូ​​ ហើយវីដេអូនីមួយៗ ក្រុមហ៊ុនបរិច្ចាកទឹកប្រាក់ចំនួន ១០,០០០រៀល​ ទៅមន្ទីរពេទ្យគន្ធបុប្ផា។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានបរិច្ចាក ទឹកប្រាក់ចំនួន 4,000,000រៀល បន្ថែមទៀត ពីលើការបង្កើតវីដេអូនេះផងដែរ។​ នេះបើតាមប្រសាសន៏ របស់លោក Seungho Choi​ អគ្គនាយកសាខា ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា។

ដោយឡែកអ្នកដែលបាន ចូលរួមក្នុងការបង្កើតវីដេអូនេះ ក៏មានឱកាសឈ្នះរង្វាន់ Samsung Galaxy S9+ ( 256GB)​​ 1គ្រឿងផងដែរ។

លោកមាស កក្កដាដែលជាអ្នកឈ្នះរង្វាន់ Samsung Galaxy S9+ ( 256GB)​​ 1គ្រឿង ពីការបង្តើតវីដេអូ Slow-mo បាននិយាយថា៖ «នេះគឺជាលើកទីមួយហើយ ដែលខ្ងុំបានចូលរួមក្នុងការបង្កើត វីដេអូក្នុងកម្មវិធី “Slow-mo Challenge” របស់ក្រុមហ៊ុនសាមសុង ដើម្បីចូលរួមជួយដល់កុមារកម្ពុជា ក៏ដូចជារួមចំណែកជួយ ដល់សង្គមជាតិផងដែរ ហើយខ្ងុំជឿជាក់ថា ក្រុមហ៊ុនសាមសុង នឹងមានកម្មវិធីល្អៗជាច្រើនទៀត ដើម្បីបើកឱកាស ឲ្យកាន់តែទូលំទូលាយ ក៏ដូចជាការបំផុសទឹកចិត្ត ស្រលាញ់និងចូលរួមចំណែក ជួយដល់សង្គមជាតិ ហើយក៏សូមជូនពរក្រុមហ៊ុនសាមសុង ទទួលបានភាពជោគជ័យ និងបន្តបង្កើតបច្ចេកវិទ្យា ដ៏ទំនើបៗបន្តទៀត ដើម្បីបំពេញតម្រូវការសព្វថ្ងៃ របស់អតិថិជន» ៕